ភ្នំពេញ៖ ដូចធ្លាប់បានប្រកាសនាពេលកន្លងមក ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិកកុដិ២៤ វត្តនាគវ័នធ្លាប់មានសង្ឃដីកាថា នឹងនាំបច្ច័យចំនួន២០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៩នេះ ព្រះអង្គបាននាំយកបច្ច័យ ទាំងនោះទៅជួយហើយ ។ ការនាំយកថវិកាខាងលើ ធ្វើឡើងចំថ្ងៃ បុណ្យចំរើនព្រះជន្ម ព្រះអង្គតែម្ដង ។
តាមសង្ឃដីការបស់ព្រះអង្គ ថវិកាទាំងនេះ គឺជា សទ្ធា ជ្រះថ្លា របស់បងធម៌ព្រះអង្គជាអ្នកជំនួញជនជាតិសាំងហ្គាពួរឈ្មោះ DATO DR JOHNNYONG ដែលបានប្រគេនថ្ងៃខួបកំណើតព្រះអង្គ ប៉ុន្តែព្រះអង្គមិនបានទុកជារបស់ផ្ទាល់ខ្លួនឡើយ គឺបានបន្តយកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ។ ការជួយនាំបច្ច័យមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ មិនមែនជាការជួយលើកទី១របស់ព្រះអង្គឡើយ កន្លងមកព្រះអង្គរធ្លាប់បាននាំបច្ច័យមកជួយមន្ទីរពេទ្យមួយនេះ ជាច្រើនលើកមកហើយជាមួយសប្បុរសជននានា ក៏ដូចជាអ្នកសិល្បៈជាដើម ។ ព្រះអង្គបានមានសង្ឃដីកាលើកឡើងថា ការបរិចាក មន្ទីរពេទ្យ សាលារៀន វត្តអារាម ជួយដល់ជនក្រីក្រ ចាស់ជរា ក្មេងកំព្រា ឬ ជនទូរគត់ផ្សេងទៀត គឺជា ទង្វើវិជ្ជមាន សម្រាប់មនុស្សលោកគួរតែប្រតិបត្តិប្រសិនបើពួកគាត់មានលទ្ធភាព ហើយទង្វើបែបនេះ គឺទទួលបានផលបុណ្យច្រើនណាស់ ។
សូមបញ្ជាក់ផងដែរ ជារៀងរាល់ឆ្នាំ ព្រះសង្ឃដែលល្បីខាងទស្សន៍ទាយ មើលជំងឺ ផ្លូវក្រៅផ្លូវក្នុង ហើយមានអ្នកជឿច្រើន មានទាំងឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំងក្នុងនឹងក្រៅប្រទេស ជាច្រើន ជឿជាក់នោះ ពេលបុណ្យចំរើនព្រះជន្មរបស់ព្រះអង្គម្ដងៗ ព្រះអង្គតែងតែធ្វើបុណ្យចែកទានជាញឹកញាប់ មិនដែលអាក់ខានឡើយ ។ ទទឹមគ្នានោះដែរ ព្រោះអង្គតែងតែចែកទានដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ ចាស់ជរាជាដើម៕ វឌ្ឍនា