ខេត្តមណ្ឌលគិរី ៖ រថយន្តយីឌុបមួយគ្រឿង ត្រូវបានគេប្រទះឃើញក្រឡាប់ធ្លាក់ចេញពីផ្លូវខ្ជាក់ចេញសុទ្ធតែឈើយ៉ាងច្រើន ទំនងពេញប្រៀបតែម្តង កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែកប៊ូស្រា ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
តាមប្រភពបានឲ្យដឹងថា រថយន្តដឹកឈើខាងលើនេះ គេដឹកចេញពីភូមិក្រង់តេះ ឃុំស្រែអំពូម ស្រុកពេជ្រាដា ជាឈើដេញថ្លៃពីជំនាញបរិស្ថាន ។ ឈើនេះមានចំនួន៥រថយន្ត ដែលត្រូវបានដឹកចេញទៅអស់ហើយ តែនៅសល់មួយគ្រឿងនេះចុងក្រោយ ហើយពេលដល់ចំណុចកើតហេតុ ត្រង់ផ្លូវឡើងចំណោត ក៏ដាច់កាឡេរអិលថយក្រោយក្រឡាប់តែម្តង ហើយឈើដែលរថយន្តខាងលើដឹកជញ្ជូននោះគឺជាលទ្ធផល់បានពីគណៈកម្មការជាតិទប់ស្កាត់បទល្មើសព្រៃឈើពីអំឡុងដើមឆ្នាំ២០១៩ ដែលបានបង្ក្រាបពីការកាប់បំផ្លាញឈើខុសច្បាប់តាមបណ្តាក្រុមហ៊ុនទូទាំងខេត្តមណ្ឌលគិរី និងបានចាប់ខ្លួនអ្នកពាក់ព័ន្ឋបញ្ជូនទៅតុលាការទៀតផង ហើយបញ្ចប់ប្រតិបត្តិការនេះ ឈើជាង១ពាន់ម៉ែត្រគូប ត្រូវបានគណៈកម្មការជាតិដាក់ដេញថ្លៃឲ្យដឹកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្កុបទុកនៅខេត្តកំពង់ធំ ៕ ជីវ័ន្ត