ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត(V1)ខ្នាតយក្ស១គ្រឿង ដឹកដំឡូងមីស្រស់ផ្ទុកលើសទម្ងន់ ជាង២០តោន បើកគេចស្ថានីយជញ្ជីងអូរពងមាន់ រត់ដល់អូរកណ្តៀ ត្រូវមន្ត្រីជញ្ជីងតាមនាំយកមកវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តប្រភេទ(V1)សណ្តោងរ៉ឺម៉កខ្នាតយក្យ១គ្រឿងដឹកជញ្ជូនដំឡូងមីស្រស់ដាក់លើសទម្ងុន បានបើកគេចស្ថានីយជញ្ជីង ព្រោះដឹងថាខ្លួនខុសលក្ខណ:បច្ចេកទេស និងផ្ទុកលើសរួមទាំងគ្មានស្លាកលេខផងនោះ ដើម្បីឆ្ពោះទៅកាន់គោលដៅលក់នៅប្រទេសវៀតណាម ត្រូវបានក្រុមមន្ត្រីជំនាញជញ្ជីង ដេញប្រមាញ់ស្ទាក់ចាប់ឃាត់យកមកវិញ នៅត្រង់ចំណុចអូរកណ្តៀ ទឹកដីខេត្តក្រចេះ នាំយកត្រឡប់មកស្ថានីយជញ្ជីងទាំងយប់ រួចឲ្យឡើងជញ្ជីងថ្លឹង ទើបដឹងថា ផ្ទុកលើសទម្ងន់ប្រមាណជាង២០តោន បើលើសម្លឹងៗហើយទើបធ្វើឲ្យផ្លូវថ្នល់ រងការខូចខាតនាពេលកន្លងមក នូវយប់ថ្ងៃទី៣០ ព្រឹកឡើង៣១ ខែធ្នូ ឆ្នាំ២០១៩ ទើបកម្លាំងជំនាញស្ថានីយជញ្ជីង ត្រួតពិនិត្យ និងឲ្យរើទម្លាក់ចេញនៅ និងកន្លែងតែម្តង។

បើតាមការធ្វើបទសម្ភាសន៍ផ្ទាល់ពីប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចំណុចអូរពងមាន់នៃខេត្តស្ទឹងត្រែងលោកឌី ចាន់ណារិទ្ធ និងលោកសែស សីុថា រួម និងអនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត បានប្រាប់កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះថា បញ្ហារថយន្តភ្លៅបួនអនុញ្ញាត្តិឲ្យទាំងសំបកទ្រុង និងផ្ទុកទំនិញគឺ៣០តោន រថយន្តយីឌុបភ្លៅប្រាំបានអនុញ្ញាត្តិឲ្យផ្ទុកសរុប៣៥តោន ចំពោះរថយន្តប្រភេទ(V1)សណ្តោងរ៉ើម៉កវិញ បានអនុញ្ញាត្តិឲ្យផ្ទុកសរុប៤០តោន ហើយក្នុងរថយន្តនីមួយៗ បើលើសត្រឹម៥តោនចុះក្រោម គឺករណីលើកលែង គឺតម្រូវដោយច្បាប់ តែបើលើសចាប់ពី៥តោនឡើងទៅ គឺខាងជញ្ជីងឃាត់ទុកឲ្យកើចុះនូវទំនិញដែលលើសនោះចេញ និងផាកពិន័យទៅតាមច្បាប់ របស់ក្រសួងបានកំណត់ ក្នុង១តោន៣០ម៉ីនរៀល ហើយពេលនោះខាងជំនាញកាត់ទ្រុងគេ និងមកពិនិត្យទ្រុងវាស់វ៉ែងបន្តទៀត បើគេឃើញថារថន្តនោះខុសលក្ខណ:បច្ចេកទេស ក្រុមជំនាញត្រូវយករថយន្តនោះមកកាត់ កែសម្រួលឲ្យទៅជារូបភាពដើមវិញ និងឲ្យម្ចាស់ធ្វើកិច្ចសន្យារួចរាល់ ទើបប្រគល់ឲ្យម្ចាស់ដើមវិញ។

លោកបានបន្តថា នៅស្ថានីយជញ្ជីងថ្លឹងរថយន្តនេះ មានសមត្ថកិច្ចចំរុះដើម្បីសហការ រាល់បទល្មើសកើតឡើងផ្សេងៗ មានដូចជាមន្ត្រីក្រសួងសាធារណៈការ មន្ត្រីសាធារណៈការ និងដឹកជញ្ជូនខេត្ត មន្ត្រីសាលាខេត្ត មន្ត្រីកងរាជអាវុធហត្ថខេត្ត និងមន្ត្រីនគរបាលខេត្ត សរុបមាន៥ស្ថាប័ណ្ណដែលប្រចាំការនៅទីនោះ ក៏ប៉ុន្តែបើតាមអនុសាស្ត្ររបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកបានពង្រឹងយន្តការនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តនីមួយៗ ធ្វើអ្វីក៏ដោយគឺឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលលោកបានកំណត់ដោយច្បាប់ បញ្ហាចំពោះរថយន្តអ្នកណាក៏ដោយ ឲ្យតែដឹកផ្ទុកលើសចំណុះ ត្រូវតែរើចុះ និងផាកពិន័យទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់ទាំងអស់ ។

ម្ចាស់រថយន្តខាងលើមាន ឈ្មោះពេង សៀង រស់នៅខេត្តស្ទឹងត្រែង បានផ្តល់កិច្ចសម្ភាសន៍ផ្ទាល់នៅកន្លែងស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់នេះថា ក្នុងការចាប់ឃាត់រថយន្តរបស់គាត់ខាងលើនោះ គាត់មិនជំទាស់ទេ ព្រោះអីរថយន្តបានដឹកលើសទម្ងន់ពិតប្រាកដមែន នៅពេលនេះ ត្រូវបង់ផាកពិន័យប្រមាណជាង៨លានរៀល ហើយចំណែករថយន្តវិញត្រូវបានខាងមន្ត្រីបច្ចេកទេសសាធារណៈការ យករថយន្តគាត់ទ្រុងបន្តក្រោយពេលរើទម្លាក់ដំឡូងមីចុះរួចអស់ហើយ ទើបបានខាងជំនាញគេប្រគល់ឲ្យវិញ។

គួរបញ្ជាក់ថា រថយន្តដឹកដំឡូងមីខាងលើនោះ ក៏ដូចរថយន្តផ្ទុកទំនិញផ្សេងៗលើសទម្ងុនជាច្រើនគ្រឿង បើតាមប្រភពបានដឹងថា មិនមែនដឹកលើសទម្ងន់តែមួយដង ឬមួយរថយន្តនេះទេ គឺដឹករាប់គ្រឿងមកហើយ ត្រូវបានដឹកគេច និងវាងស្ថានីយជញ្ជីងនោះ គឺវាងចូលតាមផ្លូវដីក្រហម កោះសំពាយ ដែលទើប និងស្ថាបនារួចនោះ ត្រូវរងការគម្រាមគម្ហែង និងខូចខាតនៅពេលរដូវវស្សាមកដល់ខាងមុខនេះ ហើយស្ពានបាលេមួយត្រូវស្រុតបណ្តើៗហើយ ហ៊ុយក៏ហ៊ុយ នេះបើតាមការឲ្យដឹងពីពលរដ្ឋ និងកម្មកចំការកៅស៊ូនៅទីនោះ បានលួចបង្ហើបឲ្យដឹង។

បើមន្ត្រីស្ថានីយជញ្ជីងអូរពងមាន់ លោកគួរតែដាក់កម្លាំងចាំឃ្លាំមើល នៅចំណុចផ្លូវកៅស៊ូ ចេញពីឃុំស្រែក្រសាំង ស្រុកសៀមបូក នេះបើអាចធ្វើបាន ដើម្បីបញ្ចៀសនូវឈ្មួញខិលខូចផ្ទុកលើស គេចរួចធ្វើឲ្យផ្លូវរងការខូចបន្តទៀត តែចំពោះរថយន្ត(V1)១គ្រឿងខាងលើនេះត្រូវអស់លក្ខ ឬក៏តថ្លៃគ្នាមិនត្រូវ ទើបបានមន្ត្រីជញ្ជីងថ្លឹងរថយន្តអូរពងមាន់ បើករថយន្តប្រដេញដល់ចំណុចអូរកណ្តៀ ក្នុងទឹកដីខេត្តក្រចេះ ចាប់ក្របួចយកត្រឡប់មកវិញ អូសចូលជញ្ជីងថ្លឹងទើបមានការភ្ញាក់ផ្អើលផ្ទុកលើទម្ងន់ទៅដល់២៦តោនឯណោះ ក្នុងទម្ងន់សរុប៦៦តោន ដែលច្បាប់តម្រូវឲ្យតែ៤០តោនប៉ុណ្ណោះ ៕ មាស សុផាត


ចែករំលែក៖