ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន និងវៀតណាមប្រុសស្រី ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេត្តស្វាយរៀង បានសហការជាមួយសមត្ថកិច្ចវៀតណាម បានបង្ក្រាបករណីរក្សាទុកគ្រឿងញៀន រួមនឹងថ្នាំញៀនមួយចំនួនធំ បន្ទាប់ពីធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែន ទៅកាន់ប្រទេសវៀតណាមកាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅក្រុងបាវិត ។
លោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀង បាន ឲ្យដឹងថា សមត្ថកិច្ចជំនាញ បានទទួលព័ត៌មានពីភាគីវៀតណាម ករណីជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចស្លាបខាងឆ្វេងចន្លោះបង្គោល សីម៉ា១៧០-១៧១ ព្រំដែនវៀតណាម ភូមិឡុងភី ឃុំឡុហឹង ស្រុកបេនកូវ ខេត្តតៃនិញ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ Nguyen thingoc bich ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ។ ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបាននាំយកថ្នាំញៀនពីឈ្មោះ Wendusu ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិនមុខរបរបុគ្គលិកអនឡាញ កាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លោក បានបន្តថា ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង កម្លាំងជំនាញបានស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Wendusu នៅបន្ទប់ជួលទីតាំងខាងលើ ព្រមទាំងបានឆែកឆេរបន្ទប់ជួលស្នាក់ នៅរបស់ជនសង្ស័យដោយរកឃើញវត្ថុតាងរួមមាន៖
*ទី១៖ ថង់ម្សៅក្រាមពណ៌ថ្លាសង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧.៩១ក្រាម
*ទី២៖ ថង់ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ៨៣៤.២៦ក្រាម
*ទី៣៖ ថង់ម្សៅក្រាមពណ៌ផ្កាឈូកសង្ស័យជាថ្នាំញៀនប្រភេទ MDMA (អិចស្តាស៊ី) ទម្ងន់១៣១.៦៤ក្រាម
*ទី៤៖ ថង់ម្សៅ ថ្នាំគ្រាប់ពណ៌ផ្កាឈូក សង្ស័យជាថ្នាំញៀន មេតំហ្វេតាមីនចំនួន ៤០០គ្រាប់ ទម្ងន់ ១០២.៤២ក្រាម
*ទី៥៖ ថង់ម្សៅ ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់ ៦.១៣ក្រាម
*ទី៦៖ ទឹកអាកុលចំនួន៣ដប
*ទី៧៖ សារធាតុគីមីផ្សុំ (ទឹកថ្នាំដប) ចំនួន០៧ (ធំ១) រួមនឹងសម្ភារប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន ផងដែរ ។
លោក បានបញ្ជាក់ថា ថ្នាំញៀនទាំងនេះ ត្រូវបានជនសង្ស័យនាំមកពីភ្នំពេញ ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម ហើយត្រូវកម្លាំងជំនាញបង្ក្រាបបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីបំពេញសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន