ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃពីស្ត្រីជនបរទេសរត់មិនរួច ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនបរសេទម្នាក់បានហើយតែរត់មិនរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ កាន់ ណារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងម្នាក់ឈ្មោះ តាក់ រត់គេចខ្លួន ។

ចំណែកជនរងគ្រោះ ឈ្មោះ LU ZHIMIN ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ជនជាតិចិន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EF6899275 ។ សម្ភារបន្សល់ទុក៖ ទូរសព្ទ័ដៃ០២គ្រឿង ម៉ាកអាយហ្វូន របស់ជនរងគ្រោះ០១គ្រឿង និងរបស់ជនសង្ស័យ០១គ្រឿង , សម្ភារបាត់បង់ លុយដុល្លា ១៤០ដុល្លា ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ក្នុងទិសដៅពីត្បូងទៅជើងដោយដៃម្ខាង កាន់ដៃចង្កូតម៉ូតូហើយដៃម្ខាងទៀតនិយាយទូរស័ព្ទលុះមកដល់ចំណុចកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបគ្នា តាមមកពីក្រោយ ក៏ធ្វើសកម្មភាឆក់យកទូរស័ព្ទពីជនរងគ្រោះតែម្តងក្រោយមកជនរងគ្រោះស្រែឆោឡោត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមដែលមានគោលដៅល្បាតនៅទីនោះជួយដេញតាម ក៏ចាប់បានជនសង្ស័យម្នាក់ដែលជិះពីក្រោយចំណែកជនសង្ស័យជាអ្នកឌុបលើកម៉ូតូជិះគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖