ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនចោរឆក់វ័យក្មេង២នាក់ ក្រោយពីពួកគេឆក់ទូរស័ព្ទរបស់ជនបរទេសស្បែកខ្មៅមិនបានសម្រេច ខណៈដែលជនរងគ្រោះកំពុងតែដើរតាមផ្លូវ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៧១ ផ្លូវលេខ១៥ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់នោះទី១.ឈ្មោះ ប្រាក់ វេហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ និងទី២.ឈ្មោះ ងួន ម៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯវត្ថុតាងចាប់យកមាន ម៉ូតូចំនួន០១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HY ៤៥២៨ ជារបស់ជនសង្ស័យ ឈ្មោះ ប្រាក់ វេហា ជិះធ្វើសកម្មភាព។ ចំណែកជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាជនបទេសស្បែកខ្មៅ បានដើរចេញទៅបាត់ដោយពុំបានដាក់ពាក្យបណ្តឹងបន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃវិញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល ជនរងគ្រោះជាជនបរទេសស្បែកខ្មៅអាយុប្រហែល៣៥ឆ្នាំ បានដើរកាន់ទូរស័ព្ទដៃ តាមបណ្តោយផ្លូវលេខ១៥ពីត្បូងទៅជើង ពេលដែលដើរមកដល់ចំណុចមុខផ្ទះលេខ៧១ ផ្លូវលេខ១៥ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ ស្រាប់តែជនសង្ស័យចំនួន០២នាក់ ឈ្មោះ ប្រាក់ វេហា ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ងួន ម៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ មកអែបខាងស្តាំដៃរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ងួន ម៉ានុត ដែលអង្គុយខាងក្រោយ បានយកដៃខាងស្តាំធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ តែពុំបានសម្រេច ដោយជនរងគ្រោះបានដឹងខ្លួនទាន់ ក៏ទាញយកទូរស័ព្ទដៃបានវិញ រួចស្រែកឆោឡោ ត្រូវបានកម្លាំងឈរជើង ពួនស្ទាក់តាមគោលដៅរបស់ប៉ុស្តិ៍ និងកម្លាំងល្បាតបង្ការទប់ស្កាត់បទល្មើសរបស់ខណ្ឌអន្តរាគមន៍ដេញតាមពីក្រោយឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ព្រមទាំងវត្ថុតាងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរ។
ក្រោយកើតហេតុជនរងគ្រោះជាជនបរទេសស្បែកខ្មៅ បានដណ្តើមយកទូរស័ព្ទដៃរបស់ខ្លួនវិញហើយ ក៏ដើរចេញទៅបាត់ ដោយពុំបានដាក់ពាក្យបណ្ដឹងនោះទេ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ស រស្មី