ខេត្តព្រះវិហារ៖ ជារឿងគួរឲ្យហួសចិត្ត ដែលប្តីប្រពន្ធពីរនាក់ចិត្តខ្លាំងដូចគ្នា ដោយគ្រាន់តែឈ្លោះគ្នាបន្តិចបន្តួសសោះ ប្រពន្ធខឹងប្តី សុំដុតផ្ទះ និងគោយន្ត ឯប្តីចិត្តខ្លាំងឆ្លើយទាំងបញ្ឈឺចិត្តប្រពន្ធវិញថា ចង់ដុតអីដុតទៅ ទីបំផុតបានដូចចិត្តប្រពន្ធទាញបានដែកកេះដុតគោយន្តឆេះទ្រុល ហើយបើកុំតែបានប្រជាពលរដ្ឋក្នុងភូមិជួយពន្លត់ភ្លើងទាន់ កុំអីអាចអន្តរាយភ្លើងឆេះដល់ផ្ទះបាត់ទៅហើយ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥ និង៥០នាទីល្ងាច ថ្ងៃ ចន្ទ ១២ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឲ្យដឹង អំពើហិង្សានេះកើតចេញប្ដីឈ្មោះ រួន រឹត អាយុ៣៤ឆ្នាំ ឈ្លោះជាមួយ ប្រពន្ធឈ្មោះ ហ៊ិត ស៊ីនឿន អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានកូនពីរនាក់រស់នៅក្នុងបន្ទុក ។
អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុអ្នកទាំង ២បានទៅធ្វើចម្ការដូចធ្ងៃធម្មតា ។ លុះពេលត្រឡប់មកវិញ ដល់ពាក់កណ្ដាលផ្លូវ ប្រពន្ធក៏សុំប្ដីចុះបេះបន្លែយកទៅស្លធ្វើម្ហូបពេលល្ងាច ។ រីឯបុរសជាប្ដីទំនងជាខឹងប្រពន្ធចំបេះបន្លែយូរពេកក៏បានបើកគោយន្តមកផ្ទះមុន ។ លុះពេលមកដល់ផ្ទះភ្លាម អ្នកទាំង ២នាក់បានឈ្លោះទាស់សំដីគ្នា ហើយពេលនោះដោយសារខឹងខ្លាំងពេក ស្រ្តីជាប្រពន្ធស្រែកសំឡុតប្តីសុំប្ដីដុតផ្ទះ និងគោយន្តចោល ។ ពេលឮដូច្នេះបុរសជាប្តី ឆ្លើយបែបបញ្ជោះថា អូខេ បើចង់ដុតក៏ដុតទៅ ។ បានដូចចិត្តប្រពន្ធស្ទុះភ្លែតយកដែកកេះមកដុតគោយន្តឆេះជាអណ្តាតភ្លើងទ្រុល ធ្វើឲ្យផ្អើលមនុស្សម្នាពេញមួយភូមិមកជួយពន្លត់ភ្លើងរលត់ទៅវិញ កុំអីអាចមហន្តរាយដល់ផ្ទះផងក៏មិនដឹង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ពេលឃើញហេតុការណ៍បែបនេះ បុរសជាប្តីហួសចិត្ត គ្រវីក្បាលទៅអង្គុយផ្ទះអ្នកជិតខាង ទុកឲ្យប្រពន្ធចិត្តភ្លើងនៅស្រែកជំទាលតែម្នាក់ឯងរហូតឮដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំយាងមកដល់ ហៅស្រ្តីចិត្តខ្លាំងម្នាក់នេះទៅអប់រំណែនាំ ៕ ប្រាថ្នា