ព័ត៌មានទាន់ហេតុការណ៍៖

អតីតគ្រូបង្រៀននៅសាលាវេស្ទើនម្នាក់ សុំឈប់ដើរអនាថា គ្មានប្រាក់បង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ មកសុំឲ្យសមត្ថកិច្ចជួយបញ្ជូនទៅប្រទេសដើមវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ ដែលជាអតីតគ្រូបង្រៀននៅសាលាវេស្ទើនមួយរយៈ បានឈប់សម្រាក់ពីការងារ បែរជាមកដើរដេកអនាថាតាមទីសាធារណៈ និងស្នាក់នៅលើសទិដ្ឋាការ បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅនោះឡើយ ។

តាមប្រភពពីមន្រ្តីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩ និង២០នាទីព្រឹក មានជនបរទេសម្នាក់ឈ្មោះ THOREN MARK JEFFERSON ភេទប្រុស អាយុ ៥៤ឆ្នាំ កាន់លិខិឆ្លងដែនលេខN3805977 ជនជាតិអូស្ត្រាលី បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ ដើម្បីសុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញផង ។ បន្ទាប់មកកម្លាំងការិយាល័យបានសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨.០១.២០១៨ តាមច្រកអន្តរជាតិបាវិត គោលបំណទេសចរ ។ ដោយរយៈពេលស្នាក់នៅប្រទេសកម្ពុជា រូបគេបានធ្វើជាគ្រូបង្រៀននៅសាលាវេស្ទើនអស់មួយរយៈផងដែរ ហើយក៏បានឈប់ធ្វើការទៅវិញ ។

បច្ចុប្បន្នជនបរទេសរូបនោះគ្មានការងារធ្វើ ដើរដេកអនាថាតាមទីសាធារណៈ និងស្នាក់នៅលើសទិដ្ឋាការរយ:ពេល ០៤ខែ និង២៤ថ្ងៃ (ផុតកំណត់ថ្ងៃទី១៣.០៨.២០១៩) ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស រស្មី

 


ចែករំលែក៖