ព័ត៌មានទាន់ហេតុការណ៍៖

ដុតសំរាមមិនប្រយ័ត្នរាលឆេះដល់គំនរគ្រឿងបន្លាស់រថយន្តចាស់ៗផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះគំនរគ្រឿងបន្លាស់រថយន្តចាស់ៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ទាន់ពេល ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ០៥នាទី ថ្ងៃទី ០៨ខែមករាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវសម្តេច ជា សីុម ក្នុងភូមិក្រុងថ្មីសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានកម្មករម្នាក់ធ្វើការនៅក្នុងការាស់ជុសជុលរថយន្តមួយកន្លែង (មិនមានយីហោ) បានដុតសំរាមហើយមិនប្រយ័ត្នទើបបណ្តាលឲ្យភ្លើងឆាបឆេះរាលដាលទៅដល់គំនរបន្លាស់រថយន្តចាស់ៗ ដែលយកទៅទុកនៅនោះទើបបង្កឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសម្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ ។

ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងដោយសារកម្មករយកសំរាមទៅដុតមិនប្រយ័ត្ន ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា រហូតមកដល់កន្លះម៉ោងទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុងហើយប្រើរថយន្តបាញ់ទឹកអស់ចំនួន០១គ្រឿងទើបអាចគ្រប់គ្រង់បានដោយស្ថាពរ ។

ចំពោះការខូចខាតរួមមានគ្រឿងបន្លាស់រថយន្ត និងសម្ភារចាស់ៗមួយចំនួនធំសំណាងល្អក្នុងជុំវិញករណីអគ្គិភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ ៕ ចន្ទ លីហ្សា


ចែករំលែក៖