ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះព្រៃមួយកន្លែង ក្បែរបុរីលឹម ឈាងហាក់ ផ្អើលសមត្ថកិច្ចចុះទៅបាញ់ពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះព្រៃមួយកន្លែង ក្បែរបុរីលឹម ឈាងហាក់ ខណ្ឌច្បារអំពៅ យ៉ាងសន្ធោសន្ធៅនិងផ្សែងហុយខ្មួរខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកបាញ់ពន្លត់ទាន់ពេលវេលាដោយមិនរាលដាលដល់ផ្ទះពលរដ្ឋនោះទេ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង ៤៥នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅបុរីលឹម ឈាងហាក់ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយតិចៗ ចេញពីក្នុងព្រៃក៏គ្មានអ្នកចាប់អារម្មណ៍នោះទេ ស្រាប់តែមួយសន្ទុះក្រោយមកបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកមកបាញ់ទប់ស្កាត់ ។ ប៉ុន្តែដោយសារតែអំណាចភ្លើងឆាបឆេះខ្លាំងពេក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកបាញ់រហូតរលត់ទៅវិញ ដោយមិនឆេះរាលដាលដល់ផ្ទះពលរដ្ឋនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចមានអ្នកជក់បារីហើយបោះចោល ទើបបង្កឲ្យមានការឆាបឆេះតែម្តង ៕ភារ៉ា ដង្កោ


ចែករំលែក៖