ប្រជាពលរដ្ឋរស់នៅម្តុំផ្លូវលេខ៣៩BT ក្រុមទី១១ ភូមិសន្សំកុសលទី២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ អះអាងថាពួកគាត់កំពុងរស់នៅក្នុងបញ្ហា ប្រឈមយ៉ាងធ្ងន់ធ្ងរ ដោយសារតែសិប្បកម្មផលិតតុទូ និងដំឡើងផ្ទាំងប៉ាណូ ដែល ស្ថិតនៅដីឡូត៍គ្មានលេខ ផ្លូវលេខ៣៩BT ក្រុមទី១១ ភូមិសន្សំកុសលទី២ បង្កផលប៉ះ ពាល់ការរស់នៅយ៉ាងខ្លាំង។ អ្នកភូមិនៅជុំវិញសិប្បកម្មនោះ ធ្លាប់បានរកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ រហូតមានលិខិតពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញឲ្យផ្អាកសកម្មភាពសិប្បកម្មនោះទៀតផង ប៉ុន្តែម្ចាស់សិប្បកម្មមិនខ្វល់ នឹងបញ្ជា (ច្បាប់) របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មនោះឡើយ។
ប្រភពបានខ្សឹបថា ថៅកែសិប្បកម្មផលិតតុទូ និងដំឡើងផ្ទាំងប៉ាណូ ដែលភាគច្រើន ធ្វើពីគ្រឿងដែក បានធ្វើការងារមិនឈប់ឈរ បង្កសំឡេងរំខានដល់អ្នកជិតខាង ជា ពិសេសការបាញ់ថ្នាំ បានជះក្លិនដល់អ្នករស់នៅជុំវិញ។ ថៅកែសិប្បកម្មដែលគេខ្សឹប ប្រាប់ថា ជាជនជាតិវៀតណាម អាងមន្រ្តីខ្មែរជាអ្នកកាង ជិះរថយន្តពាក់ស្លាកលេខ ខ.ម. បន្លាច អ្នកជិតខាងនោះ ព្យាយាមបញ្ឈឺប្រជាពលរដ្ឋ តាមរយៈការបន្ថែមម៉ោងធ្វើ ការងារ និង សំឡេងរំខានដល់អ្នកជិតខាង។ ករណីនេះអាជ្ញាធរសង្កាត់បឹងទំពុន ត្រូវគេអះអាងថា មិនបានចូលរួមចំណែកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះឡើយ។ ការដែលមិន បានចូលរួមដោះស្រាយបញ្ហានាំឲ្យមានការវាយតម្លៃថា លោកចៅសង្កាត់ទំនងជា ទទួលបានលាភសក្ការៈពីថៅកែជនជាតិវៀតណាមនោះ។
ប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា សំឡេងរំខាន និងក្លិនថ្នាំដែលចេញពីសិប្បកម្ម ខាងលើ បង្កផលប៉ះពាល់ដល់ការរស់នៅយ៉ាងខ្លាំង។ អាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ សុទ្ធតែបានដឹងពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះ ប៉ុន្តែហាក់ដូច ជាមិនមានលទ្ធភាពដោះស្រាយនោះឡើយ។ អ្នកភូមិនិយាយថា ពួកគាត់មានតែត្រូវ ជ្រើសរើសវិធីនៃការហៅអ្នកកាសែត(អនឡាញ) ឲ្យទៅផ្សាយផ្ទាល់នៅមុខសិប្បកម្ម នោះ ទើបអាចជួយលើកមុខមាត់អាជ្ញាធរបាន។ អ្នកភូមិនិយាយថា ដោយសារក្លិនថ្នាំនិងសំឡេងរំខាន ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ខ្លួនឈឺ។ អ្វីដែលសំខាន់ជាងនេះ គឺស្ថាប័នជំនាញបានជំរុញឲ្យអាជ្ញាធរ ចុះផ្អាកដំណើរការ ផលិតនៅក្នុងសិប្បកម្មនោះ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែរហូតមកដល់ពេលនេះគ្មានអាជ្ញាធរដែនដី ណាអើពើ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ តាមរយៈព័ត៌មាន នេះ សង្ឃឹមថា សាលារាជធានីភ្នំពេញនឹងចាត់វិធានការ ដោះស្រាយការលំបាកជូន ប្រជាពលរដ្ឋ នៅភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យនោះផង៕