ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងម្ចាស់បើកលឿនមិនប្រយ័ត្នជ្រុលបុកនឹងក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យដួលអស់មួយកង់ចំណែករថយន្តផ្ទុះពោង និងដាច់កាឡេទៅមុខលែងរួច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង២៥នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ចំណុចផ្លូវម៉ៅសេទុង កែង និងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL 2281 ធ្វើដំណើរតាមផ្លូវ ម៉ៅសេទុង ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនល្បឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទុះពោងការពារសុវត្ថិភាព និងធ្វើឲ្យទ្រូងផ្លូវរងការខូចខាត ដួលរលំអស់មួយកង់ ។
ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយក៏ហៅរថយន្តមកស្ទូចយករថយន្តមកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយ ៕ សុខាសែនជ័យ