ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តកាមរីបាឡែនមួយគ្រឿងជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់បណ្ដាលឲ្យរងរបួសស្រាល ។ រថយន្តបង្កមិនឈប់ទទួលខុសត្រូវបានព្យាយាមបើករត់ទៅបុករថយន្តកាមរីមួយគ្រឿងទៀត ពីក្រោយខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខ ក្លឹបកម្សាន្តបេស រ៉ូមក្លឹប ច្រកចូលវត្តនាគវ័នតាមបណ្ដោយផ្លូវ ១៣២ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីរអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AO-8923 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចលុះមកដល់ចំណុចមុខទីស្ដីការគណៈរដ្ឋមន្ត្រី បានជ្រុលទៅបុកម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះដោយបុរសពីរនាក់ស្របទិសគ្នាពីក្រោយបណ្ដាលឲ្យដួលទៅនឹងថ្នល់រងរបួសស្រាល ។
ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់រហូតមកដល់ចំណុចកើតហេតុផ្លូវច្រកចូលវត្តនាគវ័ន ក៏បានជ្រុលទៅបុករថយន្តកាមរីមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BA-4272បើកបរដោយនារីរូបស្រស់ម្នាក់បម្រុងបត់ឆ្វេងដៃពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
បន្ទាប់មក ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌទួលគោកចុះមកអន្តរាគមន៍ និងឃាត់ម្ចាស់រថយន្តបង្កនៅកន្លែងកើតហេតុបានភ្លាមៗរួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចខណ្ឌដូនពេញចុះមកដល់កន្លែងកើតហេតុរួចសមត្ថកិច្ចខណ្ឌទួលគោកបានប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដូនពេញចាប់ចាត់ការបន្ត ។ ចំណែកខាងភាគីម៉ូតូបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាដោយខាងភាគីរថយន្តរងគ្រោះទាសំណងចំនួន ៥០០ដុល្លារដោយខាងភាគីរថយន្តបង្កឲ្យ ៤០០ដុល្លារ ហើយខាងរថយន្តរងគ្រោះព្រមទទួលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ សុខាសែនជ័យ