ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះចំនួន៣ខ្នង ដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធកម្ពុជា និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន៣ ខ្នងជូនដល់អតីតយុទ្ធជនចំនួន៣គ្រួសារ ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ បានមានប្រសាសន៍លើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ ខនិងការលំបាករបស់បងប្អូនអតីតយុទ្ធជន ដោយបានផ្តល់ដីសម្បទានសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលដល់សមាជិកអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតព្រមទាំងបានដំឡើងប្រាក់គោលរបបផ្សេងៗ ដូចគ្នានឹងមន្រ្តីរាជការ ដែលកំពុងបម្រើការងារផងដែរ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ តាមរយៈស្មារតីនៃការទទួលខុសត្រូវ និងយកចិត្តទុកដាក់នេះ សម្តេចតេជោ ហ៊ុន សែន បានជួយសាងសង់ផ្ទះសម្បែង និងផ្តល់ដីបង្កបង្កើនផល ព្រមទាំងការឧបត្ថម្ភថវិកា ស្បៀង អាហារផ្សេងៗ ជាបន្តបន្ទាប់ដើម្បីឱ្យអតីតយុទ្ធជនមានលទ្ធភាពបន្តការងារប្រកបមុខរបរចិញ្ចឹមជីវិតតាមលទ្ធភាពរៀងៗខ្លួន ព្រោះថាពួកគាត់បានចូលរួមធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួនដើម្បីការពារជាតិមាតុភូមិក្នុងសម័យសង្រ្គាមហើយដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូលដូច្នេះអតីតយុទ្ធជនកម្ពុជា ក៏ដូចប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាព ដើម្បីការរស់នៅមានភាពសុខសាន្តនិងផ្តល់ឱកាសឲ្យសង្គមជាតិទទួលបានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានជីវភាពធូរធា ។

សូមបញ្ជាក់ថា៖ ផ្ទះចំនួន ៣ខ្នងដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន ចំនួន៣គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានផ្ទះ ១មួយខ្នង និងថវិកា ចំនួន ៥០ម៉ឺនរៀលព្រមទាំងសម្ភាររួមមាន៖ អង្គ ៥០គីឡូក្រាម, មី១កេះ, ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកសាអីវ ១យួរ ភួយ ១ ម៉ុង ១ កន្ទេល ១ ទឹកបរិសុទ្ធចំនួន ៣កេះ និងទឹកដោះគោ១យួរផងដែរ ៕ ស សារ៉េត


ចែករំលែក៖