ភ្នំពេញ៖ ទើបនឹងចេញសារបញ្ជាក់ពីអារម្មណ៍ និងសាររំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះមិនបានប៉ុន្មានម៉ោងផង ស្រាប់មានជនឆ្លៀតឱកាសបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយយ៉ាងព្រោងព្រាត ។
ពេជ្រ សូលីកា បានបញ្ចេញសារបង្ហាញពីអារម្មណ៍ខ្លួនឯងលើកដំបូងលើបណ្តាញាសង្គមហ្វេសប៊ុកលើកដំបូងក្រោយពីផ្ទុះការណីម្តាយនាងបានក្លាយជាជនសង្ស័យសម្លាប់ស្ត្រីចងការប្រាក់ម្នាក់ ។ សារដ៏សោកសង្រេង របស់តារាស្រីកំពុងពរពោះកូនក្នុងផ្ទៃនេះទទួលបានការលើកទឹកចិត្តច្រើនពីអ្នកគាំទ្រ ខណៈដែលនាងក៏បានបញ្ចេញសារសោកស្តាយ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងដែរ ។ អ្វីដែលគេចាប់អារម្មណ៍បន្តក្រោយពេលតារាស្រីរូបនេះបង្ហោះសារលើកដំបូងនេះគឺមានលេចចេញគណនីហ្វេសប៊ុក(Pagr)ក្លែងក្លាយជាច្រើនបានប្រើប្រាស់ឈ្មោះ និងរូបថត ពេជ្រ សូលីកា ប្រយោជន៍ស្វែងរកការចុច Like ដើម្បីទុកប្រើប្រាស់ ឬលក់នៅថ្ងៃក្រោយ ។ សកម្មភាពនេះត្រូវបានគេចាត់ទុកថា ជារឿងអសីលធម៌ខ្លាំងបំផុត និងត្រូវបានគេចាត់ទុកថាជាសកម្មភាពខុសច្បាប់ និងគួរឲ្យមានចំណាត់ការលើសកម្មមួយនេះតាមផ្លូវច្បាប់ ។ ក្រៅពីការយករូបថតតារាស្រីរូបនេះមកដាក់លើគណនីរបស់ខ្លួន ជនទាំងនោះក៏បានប្រើប្រាស់វីដេអូចាស់ៗដែលនាងធ្លាប់បង្ហោះ និងផ្សាយផ្ទាល់ យកមកផ្សព្វផ្សាយជាថ្មីដែលធ្វើឲ្យមានការយល់ច្រឡំពីមហាជនមួយចំនួន ។
ស្របគ្នានេះដែរគណនីហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ពេជ្រ សូលីកា ក៏បានបង្ហាញការហួសចិត្តនឹងការក្លែងបន្លំស្របពេលដែលនាងកំពុងជួបនឹងវិបត្តិធ្ងន់ធ្ងរ ។ នាងស្នើឲ្យបញ្ចប់សកម្មភាពទាំងងនេះព្រោះតែវាបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តនាងបន្ថែមទៀត ។ ករណីក្លែងគណនីហ្វេសប៊ុកនេះក៏ធ្លាប់បានកើតមានឡើងដូចគ្នានឹងករណីហិង្សាលើនាយចឺមកន្លងមកដែរ ។
គួរបញ្ជាក់ដែរថា ក្រោយប្រកាសវិលចូលសិល្បៈយ៉ាងភ្ញាក់ផ្អើល និងបានជ្រកក្រោមដំបូលផលិតកម្មហង្សមាស មិនទាន់បានគ្រប់១ ឆ្នាំផង តារាចម្រៀងស្រីពេជ្រ សូលីកា រងនូវរឿងរ៉ាវជីវិតផ្ទួនគ្នា ទាំងរឿងទាក់ទងគូស្នេហ៍អតីតមិត្តភ័ក្កិ ,រឿងទំនាក់ទំនងស្នេហ៍ជាមួយឧត្តមសេនីយ, រឿងមានកូនស្រីម្នាក់, ការមានផ្ទៃពោះមុនរៀងការ និងចុងក្រោយរឿងម្តាយបង្កើតរបស់នាងក្លាយជាឃាតកសម្លាប់ស្ត្រីជាគូស្នេហ៍ភេទដូចគ្នា៕ វឌ្ឍនា