ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់ប្រភេទ MK82 ផលិតនៅអាមេរិកទម្លាក់កាលសម័យសង្គ្រាមក្នុងទសវត្សរ៍៧០ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកជីករណ្តៅយកអាចម៍ដីលក់ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ ទម្លាក់ពីលើយន្តហោះ ប្រភេទ MK82 ផលិតនៅសហរដ្ឋអាមេរិកដែលទម្លាក់សម័យសង្គ្រាមក្នុងទសវត្សរ៍៧០ ដែលជាមរតកនៃសង្គ្រាមពួកទាហានអាមេរិកបន្សល់ទុកឲ្យកូនខ្មែរ ។

ការប្រទះឃើញនេះ កើតឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក នៅក្នុងដីក្នុងទីតាំងរណ្តៅដី ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ទោះបីមានរយៈពេលជិត៥០ឆ្នាំ មកហើយក្តីគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាមដែលគាំទ្រដោយសហរដ្ឋអាមេរិកជួយរបរលោកសេនាប្រមុខ លន់ ណុល នៅតែតាមលងបន្លាចដល់ប្រជាពលរដ្ឋខ្មែររហូតសព្វថ្ងៃ ហើយគ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទ MK82 មួយគ្រាប់នេះគឺទាហានអាមេរិកកាំងបានទម្លាក់ក្នុងសម័យសង្គ្រាម តែមិនផ្ទុះ ។

រហូតមកដល់ពេលនេះ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ជូនមន្ត្រីជំនាញរបស់ស៊ីម៉ាកដើម្បីដោះយកចេញពីកន្លែងខាងលើនេះជៀសវាងមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ ៕ យឹម សុថាន


ចែករំលែក៖