ព័ត៌មានទាន់ហេតុការណ៍៖

Vietjet ប្រកាសផ្លូវហោះហើរថ្មីចំនួន៥ នៅក្នុងស្រុក និងគោលដៅជាច្រើនក្នុងប្រទេសជប៉ុន

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្មីៗនេះ បានប្រកាសពីការដាក់ឲ្យដំណើរការនូវផ្លូវហោះហើរថ្មីចំនួន៥ រវាងប្រទេសវៀតណាម និងជប៉ុន ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងជាច្រើនរបស់ជប៉ុន ដែលរួមមាន Nagoya, Fukuoka និង Kagoshima ផងដែរ នៅឯវិមាន International Convention Palace ស្ថិតក្នុងរមណីយដ្ឋាន Furama កណ្តាលប្រទេសវៀតណាម ។

ក្រោយពីជោគជ័យលើការបើកផ្លូវហោះហើរជាច្រើនដែលភ្ជាប់មជ្ឈមណ្ឌលវប្បធម៌ សេដ្ឋកិច្ច និងនយោបាយសំខាន់ៗរបស់ប្រទេសទាំង២ ផ្លូវហោះហើរថ្មីចំនួន៥របស់ Vietjet ដែលរាប់បញ្ចូលទាំងទីក្រុងហាណូយ ហូជីមិញ និងដាណាំង ទៅកាន់ទីក្រុង Nagoya (អាកាសយានដ្ឋានអន្តរជាតិ Chubu Centrair) ក៏ដូចជារវាងទីក្រុងហាណូយ ទៅកាន់ទីក្រុង Fukuoka និង Kagoshima ត្រូវបានរំពឹងទុកថា នឹងចាប់ផ្តើមលក់សំបុត្រ និងចាប់ផ្តើមការប្រតិបត្តិការផ្សេងៗក្នុង ឆ្នាំ២០២០នេះ ។ បន្ទាប់ពីទីក្រុងតូក្យូ និងអូសាកា Nagoya និង Fukuoka គឺជាទីក្រុងដ៏ធំបំផុតលំដាប់ទី៣ និងទី៤ ក្នុងប្រទេសជប៉ុន ។

ជាមួយនឹងការមានផ្លូវហោះហើរដោយផ្ទាល់សរុបចំនួន១០រវាងទីក្រុងហាណូយ ហូជីមិញ ដាណាំង និងទីក្រុងតូក្យូ អូសាកា Nagoya, Fukuoka និង Kagoshima ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តផ្តល់ឲ្យអ្នកដំំណើរនូវជម្រើសធ្វើដំណើរដ៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើន រួមជាមួយនឹងពេលវេលាហោះហើរដ៏ស័ក្តិសម ក៏ដូចជាតម្លៃសំបុត្រសមរម្យ សម្រាប់អ្នកដំណើរក្នុងស្រុក និងអន្តរជាតិ ។

ពិធីប្រកាសបើកជើងមេឃថ្មីនេះ បានប្រព្រឹត្តទៅក្នុងសន្នីសីទផ្សព្វផ្សាយវិស័យទេសចរណ៍ទ្វេភាគីរវាងប្រទេសជប៉ុន និងវៀតណាម ដោយបានស្វាគមន៍ប្រតិភូច្រើនជាង១០០០នាក់ មកពីប្រទេសជប៉ុន ក្នុងរាប់បញ្ចូលទាំងមន្ត្រីមកពីសភាជាតិជប៉ុន មន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាច្រើនមកពីក្រុមហ៊ុនសាជីវកម្មធំបំផុតរបស់ជប៉ុន ផងដែរ ។

លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Nikai Toshihiro អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់ជប៉ុន និងជាប្រធានសម្ព័ន្ធភាពសភាជប៉ុន-វៀតណាម ក៏ស្ថិតក្នុងចំណោមភ្ញៀវកិត្តិយសក្នុងពិធីនោះផងដែរ ។

រយៈពេល១ថ្ងៃមុន ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ក៏បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់សេវាអន្តរជាតិ២ជាលើកដំបូងរបស់ខ្លួនផងដែរ ដែលភ្ជាប់ Can Tho ដែលជាមជ្ឈមណ្ឌលទីក្រុងស្ថិតក្នុងតំបន់ទន្លេ Mekong Delta ជាមួយនឹងទីក្រុងតៃប៉ិ និងសេអ៊ូល ដែលជារដ្ឋធានីរបស់តៃវ៉ាន់ និងកូរ៉េខាងត្បូង ៕ វឌ្ឍនា


ចែករំលែក៖