ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទជនបរទេស ពេលគេចាប់បានស្រែកយំរកម៉ែជួយផង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ បានដើរថ្មើរជើងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសជនជាតិស្កុតឡែនម្នាក់ បានសម្រេច ខណៈដែលគាត់កំពុងតែដើរលេងតាមសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នា ដេញតាមចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ និងចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចលើសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែង ផ្លូវលេខ១៣០ ស្ថិតភូមិទី២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ណៅ ម៉ៅ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ និងវត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក One plus6T ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ) ។ ចំណែកជនរងគ្រោះឈ្មោះ Finley Niall Watt ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ស្គុតលែន មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖