ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយ នគរបាលមកទាន់ចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេចហើយ ប៉ុន្តែអកុសលគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងជិះល្បាតក្បែរនោះប្រទះឃើញជួយធ្វើអន្តរាគមន៍ក្របួចជាប់តែម្តង ។

ករណីចោរលួចម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១១ និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខA២ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ នី ឌីណា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ យុង យ៉ុងហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស ជនជាតិខ្មែរ ទីលំនៅផ្ទះលេខA២ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយឡែកវត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដា ប៊ិត ពណ៌សលាយខៀវ លេខតួ 9024339 , លេខម៉ាស៊ីន 9024748 ពាក់ស្លាកលេខ ភ្នំពេញ 1HG-8198 (ជារបស់ជនរងគ្រោះឈ្មោះ យុង យ៉ុងហួរ) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ភារ៉ា


ចែករំលែក៖