នៅថ្ងៃទី១៦ ខែមករានេះ មន្ត្រីសុខាភិបាលជប៉ុនបានទទួលស្គាល់ពីករណីជំងឺរលាកសួត មានពាក់ព័ន្ធនឹងវីរុសខូរ៉ូណា (coronavirus) ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ។ មន្ត្រីជប៉ុន បានលើកឡើងថា ជនជាតិចិនម្នាក់ត្រូវបានគេធ្វើតេស្ត និងរកឃើញថា មានជំងឺរលាកសួតពាក់ព័ន្ធនឹងវីរុសខូរ៉ូណា (coronavirus) ។
មេរោគរលាកសួតប្រភេទនេះ បានបង្កឱ្យប្រជាជនចិនប្រមាណ ៤០នាក់ហើយមានបញ្ហាផ្នែកសួត និងផ្លូវដង្ហើមធ្ងន់ធ្ងរ ចាប់តាំងពីវាបានផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅឯទីក្រុងវូហាន (Wuhan) ភាគខាងកើតប្រទេសចិន ដែលបាន និងកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ។
មន្ត្រីជប៉ុន បានបញ្ជាក់ថា ជនជាតិចិនដែលបានធ្វើតេស្ដវិជ្ជមានរីរុសនេះ គេបានជឿថា គាត់បានធ្វើដំណើរទៅកាន់ទីក្រុង Wuhan (វូហាន ) ។ អាជ្ញាធរចិន បានបញ្ជាក់ កាលពីសប្តាហ៍មុនថា ជំងឺរលាកសួតកម្រិតធ្ងន់ បានកើតឡើងលើមនុស្សចំនួន៥៩នាក់ នៅទីក្រុង Wuhan ។
គណៈកម្មការសុខភាពទីក្រុង Wuhan របស់ចិន បានបញ្ជាក់ថា អ្នកជំងឺទាំង ៥៩នាក់ បានត្រូវដាក់ឲ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា ដើម្បីព្យាបាល ។ ក្នុងចំណោមអ្នកជំងឺចំនួន ៥៩នាក់នេះ មានតែអ្នកជំងឺ៧នាក់តែប៉ុណ្ណោះ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែអ្នកទាំងនោះ មិនបានបាត់បង់ជីវិតឡើយ ។ ភាគច្រើននៃអ្នកជំងឺ គឺមានសភាពគ្រុនក្តៅ និងពិបាកដកដង្ហើម ។ បើតាមការថតកាំរស្មីលើទ្រូង គេឃើញមានដំបៅសួតទាំងសងខាង ។
រហូតមកទល់ពេលនេះ អ្នកជំនាញគឺមិនទាន់រកឃើញភស្តុតាងជាក់លាក់ណាមួយ ជុំវិញបញ្ហាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡើយ ។ ថ្មីនេះ នៅទីក្រុងហុងកុង ប្រទេសថៃ ក៏មានករណីផ្ទុះជំងឺនេះផងដែរ៕