ខេត្តបន្ទាយមានជ័យ៖ ភ្លើងឆេះជញ្ជ្រាំងវាលស្រែរាលឆេះព្រៃលើភ្នំផ្គាំ ស្រុកស្វាយចេក ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ត្រៀមទប់ស្កាត់មិនឲ្យរាលដល់ផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ភ្នាក់ងារភូមិ មន្ត្រីក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបានស្មើឲ្យបងប្អូនប្រជាពលរដ្ឋ រួមគ្រួសារកងទ័ពនៃវរសេនាតូចចំនួន១កងនៃកងពលតូចថ្មើរជើងលេខ៥១ មួយចំនួន នៅភូមិប្រាសាទវៀន និងស្វាយស ភូមិថ្មគោលឃុំផ្គាំ ស្រុកស្វាយចេក ដែលរស់នៅជើងភ្នំផ្គាំ សូមមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ហើយក៏គ្មានលទ្ធភាព និងមធ្យោបាយសង្គ្រោះពន្លត់ដែរ ព្រោះនៅលើភ្នំ ហើយស្ទុះទៅមុខតាមល្បឿនខ្យល់ និងសភាពស្មៅ រុក្ខជាតិ ដើមឈើក៏កំពុងក្រៀមស្វិត ជ្រុះស្លឹកនារដូវប្រាំងនេះ ។
មកទល់ព្រឹកថ្ងៃទី១៦ ខែមករា ភ្លើងបានរលត់ទៅវិញ ហើយកត្តាដែលនាំឲ្យកើតមានភ្លើងឆេះភ្នំផ្គាំនេះ គឺបណ្តាលមកពីភ្លើងដែលឆេះជញ្ជាំ្រងវាលស្រែរាលមកឆេះស្លឹកឈើដែលងាប់នៅជើងភ្នំរាលទៅដល់លើភ្នំ ចំពោះបញ្ហាភ្លើងឆេះនេះ តែងកើតឡើងជារៀងរាល់ឆ្នាំ តែមិនដែលបង្កឲ្យឆេះរាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះឡើយ ។ នេះបើតាមការឲ្យដឹងពីលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។
នៅមានភ្លើងឆេះភ្នំនេះ លោកឧត្តមដេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានដឹកនាំរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ត្រៀមចាំជួយអន្តរាគមន៍ក្នុងករណីភ្លើងឆេះភ្នំផ្គាំនេះ ក្រែងភ្លើងឆេះរាលដល់ផ្ទះប្រជាជន នៅជិតនោះ ។ ឯភ្លើងឆេះរាលលើកំពូលភ្នំ នៅមិនអាចឡើងពន្លត់បានឡើយ ៕ វណ្ណា