ភ្នំពេញ៖ ព្រោះតែមានវិបត្តិគ្រួសារ ស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារព្រៃទាម្នាក់ ផឹកស្រាស្រវឹងបើកម៉ូតូឡើងស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១យប់ ថ្ងៃទី១៦ ខែកមរា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ារី អាយុ៣១ឆ្នាំ ជាអាជីវករលក់ខោអាវនៅផ្សារព្រៃទា ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានកូនប្រុសអាយុ ៩ឆ្នាំម្នាក់ ចំណែកប្ដី បានចែកផ្លូវលែងលះគ្នាដាច់ស្រេចជិតមួយឆ្នាំហើយ ។ សព្វថ្ងៃនេះ កូនប្រុសរបស់ស្រ្តី ត្រូវបានប្តីយកទៅជាមួយ ចំណែកជនរងគ្រោះ ស្នាក់នៅផ្ទះជួលតែម្នាក់ឯង ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបសនឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកហុងដា ZOOMER-X ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HG-1530 ធ្វើដំណើរក្នុងស្ថានភាពស្រវឹង ឡើងស្ពានជ្រោយចង្វាចាស់ បានឈប់រួចចុះពីលើម៉ូតូស្រែកទ្រហ៊ោយំ ហើយប៉ុនប៉ងលោតពីលើស្ពានសម្លាប់ខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុទៅជួយចាប់ឃាត់មកវិញ ។
នៅពេលពលរដ្ឋសួរនាំស្ត្រីរូបនេះបានប្រាប់ថា ចង់ស្លាប់ និងគិតតែពីស្រែកទ្រហោយំ រហូតដួលសន្លប់ ។ ភ្លាមៗ នោះ ពលរដ្ឋបានជួយសង្គ្រោះបន្ទាន់បឋម និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តសង្គ្រោះបន្ទាន់ឲ្យចុះមកជួយអន្តរាគមន៍ ។
មួយសន្ទុះក្រោយមក ក៏រថយន្តសង្គ្រោះបន្ទាន់ រួមទាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែបែរជាស្ត្រីរូបនេះ ប្រកែកមិនព្រមទៅមន្ទីរពេទ្យនោះទេ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏បានយកទូរស័ព្ទដៃស្ត្រីនេះដើម្បីយកលេខទំនាក់ទំនងទៅសាច់ញាតិ ឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានប្រគល់ម៉ូតូ ទៅឲ្យសាច់ញាតិ ហើយនាំស្រ្តីរូបនេះត្រឡប់ទៅសម្រាកនៅឯផ្ទះវិញ ៕ ជ្រោយពេជ្រ