ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកាន់ស្ដាំ បណ្ដាលឲ្យបុកជាមួយរថយន្តធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ២ ខាងមុខសាលាសង្កាត់ព្រែកហូរ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កែវ រតនា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកSUZUKI VIVA ធុន110 ពណ៌ខ្មៅគ្មានស្លាកលេខ ។ ចំណែករថយន្តម៉ាកSTERLING ពណ៌សំបកឪឡឹក ពាក់លស្លាកលេខភ្នំពេញ3C_0812 បើកដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ចូលក្នុងគន្លងផ្លូវម្ខាងទៀត (មិនប្រកាន់ស្ដាំ) ខណៈនោះក៏បានបុកជាមួយរថយន្តមួយគ្រឿង បើកច្រាសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែងសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក បើកចូលចំណែកផ្លូវខាងរថយន្ត ។ បន្ទាប់ពីសន្និដ្ឋានរួច កម្លាំងជំនាញ ក៏សាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ