ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនគបាលក្រុងស្ទឹងសែន បានឲ្យដឹងនារសៀលថ្ងៃព្រហស្បតិ៍ ៧ រោចខែបុស្សឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ថា ក្រុមក្មេងស្ទាវចំនួន២ក្រុម បានជិះម៉ូតូដេញវាយគ្នា (ហិង្សាដោយចេតនា)កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ វៀងក្រុងចំណុចច្រមុះជ្រូក ក្នុង ភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១ក្រុម បានជិះម៉ូតូដេញវាយម៉ូតូ ក្រុមជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះ១គ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកគល់ឈើបណ្តាលឲ្យខូចម៉ូតូ០១គ្រឿង របួសមនុស្ស៣នាក់ មាន ១ ឈ្មោះ ឈាង ឌីណា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សរស់នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទ សំបូរខេត្តកំពង់ធំ (របួសធ្ងន់) ២ ឈ្មោះ ស៊ត វិសាល ភេទ ប្រុស អាយុ ១៧ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (របួសធ្ងន់) ជនរងគ្រោះទាំងពីរនាក់ត្រូវ បានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ៣ ឈ្មោះឈឿន ចំរើន ភេទ ប្រុសអាយុ១៨ឆ្នាំ មុខរបរមិពិតប្រាកដរស់នៅភូមិអន្លង់ខ្ទុំ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(របួសស្រាល)។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួកកំពុងគេចខ្លួន និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់: ១ ឈ្មោះ ជួន សុវណ្ណ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។ ២ ឈ្មោះ ឌួង សុខហេងភេទប្រុស អាយុ19ឆ្នាំ មុខរបរកម្មករ នៅភូមិសានគរខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី