ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀននៅសកលវិទ្យាល័យន័រតុងម្នាក់ លួចស្នេហ៍ប្រពន្ធគេ ត្រូវប្តីតាមទាន់ផ្អើលក្នុងពេញហាង Pizza Company

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរទើបតែរៀការនឹងគ្នាបានរយៈពេលមួយខែសោះ ស្រាប់តែប្រពន្ធបានទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយលោកគ្រូបង្រៀនម្នាក់ នៅសកលវិទ្យាល័យន័រតុង ហើយត្រូវប្តីតាមទាន់បង្កការភ្ញាក់ផ្អើលពេញហាងPizza Company ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

តាមប្រភពព័ត៍មានពីបុរសជាប្តីមានឈ្មោះ ប៉ុន ឈឿន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើការនៅអើឌឺសេ ស្នាក់នៅបច្ចុប្បន្នម្តុំបាក់ទូក សង្កាត់វាលវែង ខណ្ឌ៧មករា បានឲ្យដឹងថា ប្រពន្ធគាត់ឈ្មោះ កល្យាណ ភេទស្រី អាយុ២៥ឆ្នាំ ទើបរៀបការជាមួយគ្នា បានមួយខែប៉ុណ្ណោះ ស្រាប់តែកើតរឿងធ្វើឲ្យគាត់នឹកស្មានមិនដល់ គឺប្រពន្ធគាត់ បានលួចទាក់ទងជាមួយប្រុសថ្មី មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាគ្រូសាស្ត្រាចារ្យ នៅសកលវិទ្យាល័យន័រតុង ។

ប្រភពដដែលបន្តថា ដោយមួយរយៈចុងក្រោយនេះ ប្រពន្ធគាត់មានចរិតប្លែកៗ មិនដែលនៅផ្ទះនោះទេ គឺចេញពីផ្ទះបាត់ៗ ពេលខ្លះដាច់យប់ទៀតក៏មាន ទើបគាត់សង្ស័យ ក៏លួចតាមដានប្រពន្ធគាត់ រហូតដល់ម៉ោងថ្ងៃត្រង់ ក៏ទាន់ប្រពន្ធគាត់ បានចូលទៅផ្ទះសំណាក់ជាមួយប្រុសថ្មី នៅម្តុំផ្សារដើមថ្កូវ ហើយគាត់បានតេហៅបងប្អូនទាំងរបស់ខ្លួន និងបងប្អូនខាងប្រពន្ធគាត់ឲ្យមកជុំគ្នា ដើម្បីមើលជាក់ស្តែងទាំងអស់គ្នា ។ ស្រាប់តែមួយសន្ទុះធំក្រោយមក ប្រពន្ធគាត់ និងប្រុសកំណាន់នោះ បានចេញពីផ្ទះសំណាក់ រួចហើយក៏នាំគ្នាទៅអង្គុយញុំាអីនៅហាង Pizza Company នៅផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខមាត់ទន្លេ ក្បែរនឹងព្រះបរមរាជវាំង ទើបបុរសជាប្ដីតាមមក ហើយកើតជារឿងឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អើលតែម្តង ។ ភ្លាមៗនោះ សាច់ញាតិទាំងសងខាង ក៏បានសម្របសម្រួលគ្នា ព្រោះមិនចង់ឲ្យមានអំពើហិង្សាកើតឡើងផងដែរ ។

ក្រោយកើតហេតុ បុរសជាប្តី (ជនរងគ្រោះ) ក៏សូមប្រកាសនៅចំពោះមុខសាធារណៈ កាត់កាលប្រពន្ធគាត់ចោលពីពេលនេះទៅ ដោយឈប់ទាក់ទងគ្នាជារៀងរហូត ។ ចំណែកបុរសដែលជាអ្នកយកប្រពន្ធគេវិញ ត្រូវបានក្រុមគ្រួសារ សុំដោះស្រាយគ្នា នៅពេលក្រោយទៀត រួចក៏នាំគ្នាចេញទៅផ្ទះរៀងៗខ្លួនបាត់អស់ ៕ស រស្មី


ចែករំលែក៖