ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះមន្ត្រីអង្គភាពប្រឆាំងពុករលួយ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែមិនទាន់បានសម្រេចផង ត្រូវជនរងគ្រោះប្រទះឃើញចាប់ក្របួចបានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១0-១១-១២B ផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងលួចចូលក្នុងផ្ទះរបស់ជនរងគ្រោះនៅចំណុចកើតហេតុខាងលើ ដើម្បីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែដោយសារជនរងគ្រោះមើលតាមកាមេរ៉ាសុវត្ថិភាពតាមទូរស័ព្ទដៃ ប្រទះឃើញក៏ទូរស័ព្ទប្រាប់បងប្អូននៅក្បែរនោះនាំគ្នាចាប់ក្របួចតែម្តង ។
ជនសង្ស័យមានឈ្មោះ វន ភ័ក្ត្រា ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ជឹម ទួន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអង្គភាពប្រឆាំងពុករលួយ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៧៣ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារចាប់យកពីជនសង្ស័យរួមមាន ៖ កូនសោមាត់ចំនួន០៣ ; ដែកកាប់០១ ; ទុលឡឺវីស០១ , សម្ភារបាត់បង់ គ្មាន។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ចន្ទ លីហ្សា