ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ បានយកដងពូថៅទៅវាយក្បាលយុវជនម្នាក់ទៀត បណ្ដាលឲ្យរងរបួសយ៉ាងដំណំ បន្ទាប់ពីយុវជនខាងលើនេះ មានទំនាស់ពាក្យសម្ដីគ្នាបន្ដិចបន្តួច អំពីការបែងចែកការងារសំណង់គ្នា ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទេពប្រណម្យ ឃុំ វិហារលួង ស្រុកពញាឮ ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ហេង សុទ្ធ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។ ចំណែកយុវជនរងគ្រោះឈ្មោះ ញឹប សំហៅសោម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ។ ជនសង្ស័យ និងជនរងគ្រោះទាំង២នាក់នេះ មានទីលំនៅភូមិ ត្រពាំងបួន ឃុំ ស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា ជនសង្ស័យ និងជនរងគ្រោះ បាននាំគ្នាចាកចេញពីស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំមកខេត្ដកណ្ដាល ដើម្បីស៊ីឈ្មួលធ្វើជាកម្មករសំណង់ ។ លុះមកដល់ថ្ងៃកើតហេតុ យុវជនរងគ្រោះបានប្រាប់ឲ្យយុវជនសង្ស័យធ្វើការខាងលាយកំបោរ តែយុវជនសង្ស័យពុំធ្វើទេ គឺធ្វើខាងជញ្ជូនឥដ្ឋវិញ ខណៈនោះយុវជនរងគ្រោះ និងយុវជនសង្ស័យក៏មានទំនាស់ពាក្យសម្ដីគ្នាបន្ដិតបន្តួច រហូតមកដល់វេលាម៉ោង៩ថ្ងៃខែឆ្នាំកើតហេតុ យុវជនរងគ្រោះបានអង្គុយផឹកទឹក ភ្លាមនោះក៏ស្រាប់តែជនសង្ស័យបានយកដងពូថៅធ្វើអំពីឈើ បានមកវាយជនរងគ្រោះចំក្បាល បណ្ដាលឲ្យសម្លប់នៅលើដី រងរបួសយ៉ាងដំណំ ។ បន្ទាប់ពីវាយរួច យុវជនសង្ស័យបានរត់គេចខ្លួននៅទៅផ្ទះបងប្អូនបាត់ទៅ រីឯជនរងគ្រោះត្រូវបានក្រុមការងារនៅក្នុងការដ្ឋានជាមួយគ្នាដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ប្រភពដដែលបានបន្ដទៀតថា បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវិហារលួងទទួលបានព័ត៌មានករណីខាងលើនេះ ភ្លាមនោះក៏ធ្វើការស្រាវជ្រាវចាប់ខ្លួនយុវជនសង្ស័យយកប៉ុស្ដិ៍នគរបាលរដ្ឋបាលវិហាលួង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ