ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តទៅបុករថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល៤នាក់ រថយន្តខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទៅបុករថយន្តបែនដឹកដីពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១ និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ចំណុចស្តុបប៉ុស្តិ៍ ២៤ ម៉ោងក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-8104 និងមានអ្នករួមដំណើរប្រុស-ស្រី៤ នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខណៈមកដល់ចំណុចស្តុប បែកជាបួនកន្លែង បានជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-9521 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីឆ្លងមកផ្លូវសម្ដេចជាស៊ីម ចំធុងប្រងរថយន្តដឹកដីពេញទំហឹង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ ៣ នាក់ស្រាលម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តតាកូម៉ាខ្ទេចមួយកំណាត់មុខ ។ ភ្លាមៗនោះរថយន្តបែនដឹកដីបានព្យាយាមបើករត់បានប្រមាណជាង ១០០ម៉ែត្រត្រូវសមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍ ២៤ ម៉ោងដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរបាន ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖