ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារទុស្សេខ្សែភ្លើង

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតទាំងស្រង់ ដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងដែលត្រូវភ្លើងឆេះមាន ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពី បេតង់ ក្រោមឈើ ដំបូលប្រក់ស័ង្កសី ជារបស់ឈ្មោះ ឡេង សេងភាព ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ក្នុងករណីនេះដែរ ធ្វើឲ្យខូចខាតសម្ភារះក្នុងផ្ទះអស់មួយចំនួនផងដែរ ។

ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ភ្លាមនោះកម្លាំងនគរបាលការិយាល័យបង្កា ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅ រួមទាំងកម្លាំងអង្គរក្ស និងប្រជាពលរដ្ឋជិតខាង បានចេញអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ០៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គរក្ស០២គ្រឿង ស្មើហ្នឹង៣០ម៉ែត្រគូប ទើបភ្លើងរលត់ជាស្ថាពរនៅវេលាម៉ោង ១៧និង៥៧នាទី ។

បន្ទាប់ពីពន្លត់រួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ៕ ស្អាងជ័យ


ចែករំលែក៖