ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទ១នាក់ ក្នុងចំណោម៤នាក់ត្រូវជនប្រដាប់អាវុធបាញ់រះបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជានេសាទចំនួន ៤នាក់នៅខេត្តពោធិ៍សាត់បានចេញទៅនេសាទត្រីនៅទឹកដីខេត្តកំពង់ធំ ត្រូវបានជនប្រដាប់អាវុធបាញ់រះបណ្ដាលឲ្យរងរបួសធ្ងន់ ១នាក់ ខណៈពួកគាត់កំពុងធ្វើដំណើរដោយកាណូតចំនួន ២គ្រឿង ។

ហេតុការណ៍បាញ់បោះបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង២ និង០០នាទី រសៀល ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចទ្វារបឹង ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះមានគ្នាចំនួន ៤នាក់ ទី១ ឈ្មោះ ជុំ ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ សុិន សែ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ មឿន ប្រុស ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងទី៤ ឈ្មោះ បុល ប៊ី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ៤នាក់ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តថា ក្រុមជនរងគ្រោះបាននាំគ្នាចេញដំណើរក្នុងគោលបំណងទៅនេសាទត្រី(រាយមងត្រីស្លាត) ដោយកាណូតចំនួន ២គ្រឿង លុះទៅដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញសមត្ថកិច្ចស្លៀកពាក់(ឯកសណ្ឋាននគរបាល) ធ្វើដំណើរដោយកាណូតចំនួន ២គ្រឿងដែរ បើកមកជិតក៏លើកកាំភ្លើងវែងបាញ់រះមកលើពួកខ្លួនបណ្ដាលឲ្យចំកាណូតផ្នែកខាងក្រោយ បណ្ដាលឲ្យធ្លាយទៅចំឈ្មោះ បុល ប៊ី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ចំនួន ០៤កន្លែង(ថ្ពាល់ខាងស្ដាំ ឆ្អឹងជំនីខាងស្ដាំ ចង្កេះខាងស្ដាំ និងកំភួនជើងខាងស្ដាំ) ក្រោយធ្វើសកម្មភាពរួចបើកកាណូតចេញទៅបាត់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ខណៈនោះជនរងគ្រោះបាននាំគ្នាបើកកាណូតវិលត្រឡប់មកផ្ទះ រួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ កំពុងមមាញឹកចុះសួរនាំ និងស្រាវជ្រាវ ក្នុងករណីបាញ់បោះបណ្ដាលឲ្យមានមនុស្សរងរបួសយ៉ាងយកចិត្តទុកដាក់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖