ព័ត៌មានទាន់ហេតុការណ៍៖

១៣​ម៉ោងជជែកដំឡើងសរសៃក. លើការចោទប្រកាន់ទោស​លោកត្រាំ បក្សសាធារណរដ្ឋមានប្រៀប

ចែករំលែក៖

កាលពីថ្ងៃទី​២២ ខែមករា (ពេលវេលាអាមេរិក) សវនាការ ព្រឹទ្ធសភាអាមេរិក​បានចាប់ផ្តើមដំណើរការ ជជែកដេញដោលពីគណបក្សធំៗទាំងពីរ គឺប្រជាធិបតេយ្យ ដើមបណ្តឹង និងគណបក្សសាធារណរដ្ឋ​ ជុំវិញការចោទប្រកាន់ទោស ទៅលើប្រធានាធិបតីដូណាល់ ត្រាំ​ ។

ការជជែកដេញដោល នៅក្នុងព្រឹទ្ធសភា ថ្ងៃដំបូង ធ្វើឡើងរហូតដល់ទៅ​១៣ម៉ោង​ ជាពេលវេលាធ្វើការវែងបំផុតនៅក្នុងព្រឹទ្ធសភា ហើយការដេញដោលនោះ គណបក្ស សាធារណរដ្ឋ ដែលមានសំឡេងភាគច្រើន​នៅក្នុងព្រឹទ្ធសភាមានប្រៀប បើទោះបីជាមានវិវាទយ៉ាងខ្លាំងរវាងគណបក្សទាំងពីរក្តី​ ។ នោះជាសញ្ញាល្អ​បំផុត​ របស់ប្រធានាធិបតីដូណាលត្រាំ ដែល​អាចរួចផុតពីការចោទប្រកាន់ទោស​ ទម្លាក់ពីតំណែង​ ។

ព្រឹទ្ធ​សភាអាមេរិក ​បាន​បោះឆ្នោត​ ជ្រើសរើស​​​យក​នីតិវិធី​ជំនុំជំរះ​ បែប​ឆាប់រហ័ស ​ដោយ​មិន​បន្លាយ​ពេល​យូរ ដើម្បី​ឈាន​ទៅ​បោះឆ្នោត​សម្រេច​ចុងក្រោយ ​ថាតើ​លោក​ដូណាល់ ត្រាំ ​ពិតជា​បាន​ធ្វើ​បំពាន​អំណាច ​ហើយ​សក្តិសម​នឹង​ត្រូវ​​ទំលាក់​ពី​តំណែង​ ដែរ​ឬទេ ។ ជាមួយ​នឹង​នីតិវិធី​បែប​រហ័ស​នេះ ​អ្នក​វិភាគ​ជឿថា​ ព្រឹទ្ធសភា​អាមេរិក​​ នឹ​ង​ប្រហែល​ជា​មិន​​កោះហៅ​​សាក្សី ឲ្យចូល​បំភ្លឺ​ឡើយ ។

នីតិវិធីរហ័ស មានន័យថា អ្វីៗនឹងត្រូវ​ពន្លឿនមិនបង្អង់ ។ លោក Mitch McConnel ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​​បក្ស​សាធារណរដ្ឋ​ ដែលមាន​សម្លេង​ភាគច្រើន បាន​លើកឡើងថា លោក​ចង់យក​គម្រូ​នីតិវិធី​ ដែលធ្លាប់​​អនុវត្ត​ ​ទៅលើ​​ករណី​​​បណ្តឹង​ទំលាក់លោក ប៊ីល គ្លីនតុន ។ ពោលគឺ ភាគីដើមចោទ និង​ភាគី​ចុងចោទ ​មាន​ថេរៈវេលា​ចំនួន​​ស្មើគ្នា​ គឺចំនួន​​២៤​ម៉ោង ​ដើម្បីនិយាយ ​ធ្វើអំណះអំណាង​នៅ​ចំពោះ​មុខ​អង្គ​ព្រឹទ្ធិសភា​ ។ រយៈពេល​២៤​ម៉ោង​នេះ ​ត្រូវធ្វើ​ក្នុង​កំឡុង​ពេល ​មិនឲ្យ​លើស​ពី​​​៣ថ្ងៃ ។

ដូចយើង​បានដឹងហើយ ថា​ភាគី​​ដើមចោទ បាន​ចោទ​ប្រកាន់​លោក​ដូណាល់ ត្រាំ លើ​២ចំណុច ។ ទីមួយ​ គេចោទ​ថា​លោកដូណាល់ ត្រាំ​បាន​បំពានអំណាច ​ដោយ​បាន​​ដាក់​សំពាធ​ គំរាម​ប្រធានាធិបតី​អ៊ុយក្រែន ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត ​រករឿង​លើ​កូន​ប្រុស​លោក ​Joe Biden ​ដែល​រក​ស៊ី​នៅ​អ៊ុយក្រែន ​ពុំនោះ​ទេ​អាមេរិក​នឹង​ដក​ជំនួយ​យោធា​ពី​អ៊ុយក្រែន ។ ការចោទប្រកាន់​ទី​ពីរ​ គឺ​គេ​ចោទ​ថា​លោក​ដូណាល់ ត្រាំ ​បាន​ព្យាយាម​លាក់​ការពិត ​ និង​បាន​​រារាំង​ ការ​ស៊ើបអង្កេត ​ដែល​សភា​តំណាង​​អាមេរិក បាន​​សម្រេច ។
​​
ក្រុម​​ដើមចោទ ​មានសមាជិក​សភា​តំណាង​ មកពី​បក្ស​​ប្រជាធិបតេយ្យ​ចំនួន​​៧រូប ហើយ​ដែល​មាន​​លោក ​Adam Schiff ​ជាប្រធានក្រុម​ នឹងត្រូវ​ធ្វើ​​បទ​​បង្ហាញ​អំណះអំណាង​ដាក់បន្ទុក ​ទៅលើ​លោក​ដូណាល់ ត្រាំ ​នៅ​ចំពោះមុខ​អង្គព្រឹទ្ធសភា ​នៅថ្ងៃ​ពុធ​នេះ ​ចាប់​ពី​ម៉ោង​១រសៀល​ទៅ ​ម៉ោង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ។ ចំណែក​ភាគី​ចុងចោទ​វិញ ​គឺ​តំណាង​ដោយ ​ក្រុម​​មេធាវី​ផ្ទាល់ខ្លួន​របស់​​លោក​ដូណាល់ ត្រាំ ​ដឹកនាំ​ដោយ​លោក​ Pat Cipollone ​ទីប្រឹក្សា​ច្បាប់​នៅ​សេតវិមាន​ ដែល​នឹង​មាន​​ពេល​​២៤​ម៉ោងដែរ​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ចោទប្រកាន់ ។

បន្ទាប់មកទៀត ​ក្រុម​សមាជិក​ព្រឹទ្ធសភា ​មាន​ពេល​​១៦ម៉ោង​ ដើម្បី​រៀបចំ​ជា​សំណួរ ​សរសេរ​ជាលាយលក្ខណ៍​អក្សរ​ សម្រាប់​សុំឲ្យ​ភាគី​ទាំង​សងខាង ​ឆ្លើយ​លំអិត ។ សំណួរ​ទាំងនោះ ​នឹង​ត្រូវ​បាន​​អាន​​ដោយ​ផ្ទាល់មាត់ ​ពី​សំណាក់ ​លោក ​John Roberts ​ចៅក្រម​តុលាការ​កំពូល​អាមេរិក ​ដែល​នឹង​មក​ធ្វើ​ជា​ប្រធាន​អង្គជំនុំ​ជំរះ​ពិសេស​នេះ នៅ​ព្រឹទ្ធសភា ។

ភាគីនីមួយៗ​ មាន​ពេល​តែ២​ម៉ោងទេ ​ក្នុង​ការសម្រេច​ យល់ព្រម​ ឬ​មិន​យល់ព្រម ​ក្នុងការ​សុំឲ្យ​បង្ហាញ​​ឯកសារ​បន្ថែម ​ឬ​កោះហៅ​សាក្សី​បន្ថែម ​ឲ្យចូល​មក​បំភ្លឺ ។ កាលពី​ដំបូង ក្រុម​ដើមចោទ ​មាន​បំណង​ចាប់​បង្ខំ​ ឲ្យ​​សេតវិមាន ​ក្រសួង​ការពារជាតិ ​ និង​ក្រសួង​ការបរទេស ​ត្រូវតែ​​បញ្ជូន​សាក្សី ​ និង​ឯកសារ​នានា ដែ​ល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ ។ ក៏ប៉ុន្តែ ​ចំណុច​ទាំងអស់​នេះ ​ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​បដិសេធ​ហើយ កាល​ពី​យប់​ថ្ងៃ​អង្គារ ។

តែយ៉ាងណា ​សម្រាប់​ពេលនេះ ​ភាគី​ដើមចោទ ​នៅ​​តែអាច​មាន​សិទ្ធិ​ស្នើសុំ ​ឲ្យគេ​បញ្ជូន​ឯកសារ​បំភ្លឺ​បន្ថែម​ ដូចជា ​ឯកសារ​សំងាត់ ​ចំណារ ​កំណត់ហេតុ ​សារអ៊ីម៉ែល ​ជាដើម ​ និងអាច​សុំស្តាប់​សាក្សី​ឆ្លើយ​បំភ្លឺ ។ សាក្សី​នោះ បើ​តាម​ការស្មាន គឺ​អាច​ជា​​ លោក​Mick Mulvaney ​ប្រធាន​ខុទ្ទកាល័យ​បច្ចុប្បន្ន ​របស់​លោក​ដូណាល់ ត្រាំ ​ និង​លោក ​John Bolton ​អតីត​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ របស់​លោក​ដូណាល់ ត្រាំ ។

ភាគី​ចុងចោទ ​ដែល​ការពារ​លោក​ដូណាល់ ត្រាំ ​ក៏អាច​សុំ​កោះហៅ​សាក្សី​ដែរ ​ដើម្បី​អាច​មាន​ប្រៀប ។ ​ សាក្សី ​ដែល​ក្រុម​លោក​ដូណាល់ ត្រាំ ​ចង់​ហៅ​មក​សួរ​ចម្លើយ​នោះ ​គឺមាន​លោក ​Hunter Biden ​កូន​ប្រុស​លោក​​ Joe Biden ​ និង​មនុស្ស​ម្នាក់ទៀត ​ដែល​ជា​អ្នក​​ទម្លាយ ​ឯកសារ​ខ្សែ​អាត់​សម្លេង​ទូរស័ព្ទ ​រវាង​លោក​​ដូណាល់ ត្រាំ ​ និង​លោក​​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ជា​ប្រភព​​បង្ក​រឿង​អាស្រូវនេះ ។

ក៏ប៉ុន្តែ​​ រាល់​សំណើ​សុំ​ឯកសារ ​ឬសុំ​​​កោះហៅ​សាក្សី ​គឺត្រូវ​ឆ្លងកាត់ ​ការ​បោះឆ្នោត​សម្លេង​ភាគច្រើន ​៥០ បូក១ ​នៃ​ស

មាជិក​ព្រឹទ្ធសភា ​ទាំង​១០០​នាក់ ។ មានន័យថា គេ​​​ត្រូវ​ការ​យ៉ាងហោច​៥១​នាក់​យល់​ព្រម ។ ក៏ប៉ុន្តែ ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ ​គឺមាន​គ្នាតែ​៤៧​នាក់​ទេ ​ខណៈ​ក្រុម​សាធារណរដ្ឋ​ មាន​គ្នាដល់​ទៅ​​​៥៣​នាក់ ៕


ចែករំលែក៖