ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសកសពម្នាក់មានសភាពឆេះខ្លោចខ្លួនសង្ស័យជាករណីឃាតកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានភ្លើងឆេះរោលខ្លោច ស្លាប់យ៉ាងអាណោចអាធ័ម មិនដឹងថា មានជនដៃដល់សម្លាប់ហើយដុតបំផ្លាញសាកសពចោល ឬយ៉ាងណានោះទេ ។

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០​ នៅទីវាលកប់សាកសព (មុងចិន) មុខវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល ។ សាកសពមិនទាន់ស្គាល់អត្តសញ្ញា ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ គេឃើញមានបុរសម្នាក់ កាន់យួរ កំប៉ុងស្រាបៀរ ដើរចូលទីចំណុចកើតហេតុ មួយសន្ទុះក្រោយមក បុរសរូបនោះបានដើរចាកចេញវិញដោយខ្លួនទទេ ហើយទីនោះ ក៏មានភ្លើងឆេះស្មៅ ព្រៃ គ្មានអ្នកចាប់អារម្មណ៍ គិតថា ក្រែងមានអ្នកជម្រះស្មៅ សម្អាត ថ្នូរចិន ស្រាប់តែនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមករា នេះមានពលរដ្ឋ ដើរដាក់មងទាក់សត្វ ដើរកាត់តាមទីខាងលើ ក៏ប្រទះឃើញ មានសាកសពមនុស្ស ភ្លើងឆេះរោលខ្លោចទៅវិញ ប្រាប់អ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើល ។

នៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី២៣ ខែមករា សមត្ថកិច្ចមិនទាន់មានការសន្និដ្ឋានណាមួយ ជុំវិញការស្លាប់បុរសរូបនេះដែរ ។ នៅក្បែរសាកសព មានឃើញសំបកកំប៉ុងស្រាបៀរ ស្បែកជើង រីឯសាកសពវិញ ភ្លើងឆេះ ខ្លោចរោល លែងស្គាល់មុខទៅហើយ ឆេះអាវ សល់ខោគគីជើងខ្លី ហោប៉ាវ៤ ពណ៌ទឹកដោះគោ ដែលជនរងគ្រោះស្លៀក ។

ក្រោយពីប្រទះឃើញ កម្លាំងសមត្ថកិច្ច មូលដ្ឋាន លោក ហង្ស មុន្នី អធិការ ខណ្ឌកំបូល វត្តមានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ និងរង់ចាំសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច័យ ។ នៅកន្លែងគ្រាន់តែសន្និដ្ឋានបឋម សង្ស័យជាករណីឃាតកម្ម សម្លាប់ហើយ ដុតបំផ្លាញសាកសព តែទោះជាយ៉ាងណាក្តី រង់ចាំជំនាញពិនិត្យកោសល្យវិច័យ និងស្រាវជ្រាវ ពីស្ថាប័នសមត្ថកិច្ចជំនាញ ៕ សុខា សែនជ័យ


ចែករំលែក៖