ភ្នំពេញ៖សាកសពបុរសម្នាក់ដែលត្រូវបានកម្មករសំណង់ដើរទាក់សត្វហើយប្រទះឃើញនៅក្បែរម៉ុងខ្មោចកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅខាងត្បូងវត្តតាភេម ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រហូតមកដល់វេលារសៀលថ្ងៃដដែល ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។ បន្ទាប់ពីក្រុមគ្រួសារទៅតាមរក និងអះអាថា អ្នកស្លាប់គឺជាសាច់ញាតិរបស់ខ្លួន ចំណែកនគរបាលក៏បានបញ្ជាក់សារជាថ្មីថាបុរសនោះស្លាប់ដោយការធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនឯងពុំមែនត្រូវគេសម្លាប់រួចដុតសាកសពនោះឡើយ ។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា បុរសនេះមានឈ្មោះពៅ សុខខឿន អាយុ៤១ឆ្នាំ ដែលជាមនុស្សសរសៃប្រសាទ សព្វថ្ងៃរស់នៅក្នុងភូមិសាមគ្គីទី៤ សង្កាតត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កន្លងមកបុរសនេះ ធ្លាប់បានធ្វើអត្តឃាតដោយចាក់សាំងដុតសម្លាប់ខ្លួនម្ដងដែរ ប៉ុន្តែមិនបានសម្រេចដោយអ្នកផ្ទះជួយទាន់ លុះដល់វេលាព្រឹកថ្ងៃទី២២ ខែមករា ក៏ស្រាប់តែបាត់ខ្លួនពីផ្ទះរហូត ពេញ១ថ្ងៃ និង១យប់មិនឃើញត្រឡប់ទៅវិញឡើយ ។ ខណៈនោះក្រុមគ្រសារមានការព្រួយបារម្ភ និងតាមរកដែរតែរកមិនឃើញ រហូតដល់វេលារសៀលថ្ងៃទី២៣ ខែមករា ក្រោយពីទទួលដំណឹងថាមានគេប្រទះឃើញសាកសពក៏ទៅមើល ទើបឃើញគាត់ស្លាប់បែបនេះបាត់ទៅហើយ ។
ចំណែកនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការពិនិត្យកោសល្យវិច័យជាច្រើនម៉ោងទីបំផុតបានរកឃើញថា បុរសនេះស្លាប់ដោយការធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនឯងទេ ពុំមែនជាអំពើឃាតកម្មសម្លាប់រួចដុតបំផ្លាញសាកសពនោះឡើយ ៕ សុខាសែនជ័យ