ព័ត៌មានទាន់ហេតុការណ៍៖

អតិថិជន ធនាគារ (ABA ) ព្រួយបារម្ភភ័យតៗគ្នា ខ្លាចបាត់លុយក្នុងកុង បន្ទាប់ពីមានលេខទូរស័ព្ទ(+685)ខលចូល

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ឃើញគេបង្ហោះព្រោងព្រាត និយាយតៗគ្នា ថាមានអ្នករងគ្រោះបាត់លុយ គ្រាន់តែឃើញ ABA លោត transaction ។ ដំណឹងនេះត្រូវបានចែករំលែកទៅកាន់មនុស្សជាច្រើន ឈានដល់អតិថិជន ធនាគារ(ABA) កើតមន្ទិលសង្ស័យ ព្រួយពីសុវត្ថិភាពទឹកប្រាក់របស់ខ្លួនក្នុងកុង បើសិនមានជនទុច្ចរិតប្រើបច្ចេកទេសយកបានមែននោះ។

លោកមេធាវី យឹម វិសុទ្ធ ដែលមានអាខោន Facebook ឈ្មោះថា៖ Yim Visoth បានស៊ែរព័ត៍មាន បែបនេះបង្ហោះលើ Facebook ផ្លូវការរបស់គាត់ ក្នុងនាមលោកជាពលរដ្ឋដ៏ល្អម្នាក់ មានចេតនាអោយអ្នកឯទៀតប្រុងប្រយ័ត្ន ក្រែងជួបរឿងដ៏អាក្រក់ ខាតបង់នេះ។ ក្នុងនោះមានអត្ថបទសរសេរថា៖ សូមប្រយ័ត្ន! សាហាវណាស់ គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុង(ABA) កាត់អស់រលីង ពិតជាកំពូលសាហាវ….។

គេបានរៀបរាប់ទៀតថា៖ គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុងសល់ ២០$ កាត់អស់អាលីង អាឆ្លាតកូត។ មិនតែប៉ុណ្ណោះ គ្រាន់តែឃើញ ABA លោត transaction 10303$ ក្នុងកុង ផ្ញើអស់លីងភ្លាមខ្ញុំបិតក្រឹប ទៅបើកមើលកុងខ្ញុំភ្លាម ម៉ែកំពូលស្ដេចអើយ អត់លុយក្នុងកុងអាលីង។ សូមជួយផង លុយក្នុងកុងអត់មានទេ។ លេខ +685 72 15 458 នេះ បានហៅចូលក្នុងទូរស័ព្ទខ្ញុំកាលពីម្សិលមិញ, ខ្ញុំឆែកឈ្មោះប្រទេស ឃើញថា ជាកោះសាមួ (Samoa) គឺកោះតូចមួយនៅក្នុងមហាសមុទ្ទ! ប្រាប់តៗគ្នាផង! សូមកុំព្យាយាមហៅតបវិញ ប្រយ័ត្នជាក្រុមចោរលួចលុយតាមប្រព័ន្ធអុិនធឺណែត ណាលោកអ្នក។

តើក្រុមហ៊ុនទូរស័ព្ទនៅខ្មែរ ឱ្យលេខទៅពួកនេះឬ??។
មានអ្នកខ្លះបាននិយាយថា៖ មានលេខទូរស័ព្ទក្បាល(+685) ខលចូលទូរស័ព្ទគាត់ ពេលលើកក៏ដាច់នូវទំនាក់ទំនងភ្លាម ប៉ុន្តែទឹកលុយក្នុងទូរស័ព្ទដៃគាត់បែ ជាអស់លុយ។ អ្នកផ្សេងទៀតនិយាយថា៖ លេខបែបនេះខលចូលក្នុងទូរស័ព្ទដៃគាត់ តែគាត់មិនបានលើក ក៏ព្យាយាមខលទំនាក់ទំនងទៅវិញ តែខលមិនចូល ។ ស្រាប់តែគេកាត់លុយគាត់ក្នុងទូរស័ព្ទនោះអស់តែម្តង។

អតិថិជនខ្លះលើកជាក្តីបារម្ភយ៉ាងខ្លាំង ពីលេខប្រភេទ(+685) គ្រាន់តែឃើញ ABA លោត transaction លុយត្រូវអស់ក្នុងកុងរលីងនោះ វាដូចជាងាយៗពេក ត្រង់នេះខាងក្រុមហ៊ុន ធនាគារ(ABA) គួរមានវិធានការទប់ស្កាត់ នូវប្រព័ន្ធសុវត្ថិភាពអោយមានប្រសិទ្ធភាពដល់អតិថិជនរបស់ខ្លួនដោយគ្មានល័ក្ខខ័ណ្ឌ ឬចេញសេចក្តីបកស្រាយពន្យល់នូវដំណឹងនេះ អោយទៅជា(ព័ត៍មានស្អាត) ជៀសវាងនូវបញ្ហាមន្ទិល ការសង្ស័យ ពីអតិថិជន ខណៈប្រាក់ដែលគាត់យកទៅផ្ញើ ឬដាក់ចរាចរណ៍ក្នុងធនាគារ(ABA) គឺជាទុកចិត្ត សុវត្ថិភាព របស់គាត់គ្រប់គ្នា។ អ្នកខ្លះសង្ស័យថា៖ នេះជាអំពើទុច្ចរិតណាមួយនៃជនខិលខូចបំប៉ោងព័ត៍មាន បង្កើតជាព័ត៍មានក្លែងក្លាយបំពុលសង្គម ឬបម្រើអោយផលប្រយោជន៍ក្រុមហ៊ុនផ្សេងដែលគ្មានការប្រកួតប្រជែងទីផ្សារដោយភាពស្មោះត្រង់ ក៏បង្កើតរឿងបែបនេះឡើងអោយអតិថិជន ដកសេចក្តីទុកចិត្តពី ធនាគារ(ABA)ក៏អាចថាបាន។

ពាក់ព័ន្ធនិងករណីខាងលើ តំណាងធនាគារ(ABA) តាមរយៈទូរស័ព្ទលេខ (023225333) នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានអោយអង្គភាព នគរវត្ត អោយដឹងថា៖ ករណីរឿងមានលេខទូរស័ព្ទក្បាល(+685) ខលចូលបាត់ទឹកប្រាក់ពីកុងនោះ មិនមែនជាការពិត ហើយមិនមែនជារឿងងាយៗដែលគេអាចធ្វើបានទេ ខណៈធនាគារ ABAមានបុគ្គលិកជាអ្នកបច្ចេកទេសច្បាស់លាស់ក្នុងការធានាប្រព័ន្ធសុវត្ថិភាពជូនអតិថិជន ។ លោកស្រីបន្តថា៖ លើកលែងតែការនិយាយទូរស័ព្ទនោះ អ្នកឆ្លើយឆ្លងបានប្រាប់ពីព័ត៍មានខ្លួនឯងគ្រប់យ៉ាងទៅអោយគេ តាមតម្រូវការជនខិលខូចទាំងនោះ ហើយខាងធនាគារ ក៏មានវិធីការពារមិនអោយអតិថិជនណា១ ត្រូវបានបាត់បង់ប្រាក់ក្នុងកុងដោយហេតុផលខាងលើនេះដែរ៕ សុខ ខេមរា


ចែករំលែក៖