ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្លន់ម៉ូតូពលរដ្ឋនៅក្បែរប៉ុស្ដិ៍នគរបាលព្រៃវែង តែជនរងគ្រោះមិនប្តឹង ពីព្រោះអសជំនឿ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូចំនួន បីគ្រឿងបានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់បណ្ដាលឲ្យរងរបួសពេញខ្លួនរួចប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់បានសម្រេច ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ប្រមាណជា៥០ម៉ែត្រ តាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែបង្ហើបប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ6559 ដោយរូបគាត់មិនចាំបានក្បាលអក្សនោះទេ បានធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានលេចមុខជនសង្ស័យចំនួន ៦នាក់ជិះម៉ូតូ បី គ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពធ្លាក់ម៉ូតូរបស់គាត់បណ្ដាលឲ្យដួលរួចនាំគ្នាដេញវាយគាត់បណ្ដាលឲ្យរងរបួសពេញខ្លួនយ៉ាងដំណំ បន្ទាប់មកជនសង្ស័យបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្ថិភាព ។ ភ្លាមៗនោះរូបគាត់ក៏បានរត់ទៅចូលក្នុងប៉ុស្តិ៍នគរបាលដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍តែទៅដល់មិនឃើញមានកម្លាំងសមត្ថកិច្ចនោះទេ ទើបរូបគាត់បានបន្តដំណើរទៅប្រាប់សមត្ថកិច្ចដែលប្រចាំការ ២៤ម៉ោងនៅបណ្តោយផ្លូវជាតិលេខ៣ បន្ទាប់មកសមត្ថកិច្ចឃើញរូបគាត់រងរបួសពេញខ្លួនបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង ។

ក្រោយពីគ្រូពេទ្យលាងរបួស និងរុំបង់រួចហើយជនរងគ្រោះត្រូវបានមិត្តភក្តិមកយករួចដឹកតាមម៉ូតូមួយគ្រឿង បន្តដំណើរទៅមុខបាត់ដោយមិនទៅដាក់ពាក្យបណ្ដឹងនោះទេ ។ ព្រោះគិតថាទោះប្តឹងក៏សមត្ថកិច្ចមិនដែលបង្ក្រាបបានដដែលសុខចិត្តទៅផ្ទះដេកយកកម្លាំងវិញល្អជាង ៕ ភារ៉ា ដង្កោ


ចែករំលែក៖