ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់បានយកលូធ្វើជាទីជម្រក ស្នាក់អាស្រ័យរាល់ថ្ងៃរយៈពេលប្រហែល២ខែមកហើយ និងត្រូវបាន អ្នកភូមិជួយផ្ដល់បាយទឹកឲ្យហូបរាល់ថ្ងៃផងដែរ ពេលនេះស្រាប់តែដេកស្លាប់ដែលសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ ។
សាកសពត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសដែលស្លាប់នោះឈ្មោះហ៊ុប អាយុប្រហែលជា៣០ឆ្នាំ គឺជាជនអនាថា គ្មានសាច់ញាតិគ្មានទីពឹងអ្វីឡើយ ។
អ្នកភូមិបាននិយាយថា បុរសនេះអត់ដឹងថាមកពីទៅណាទេបានមកស្នាក់នៅក្នុងលូធំនៅក្នុងដីឡូត៍ទំនេរ១កន្លែងរយៈពេលប្រហែល២ខែកន្លងមកហើយ ដោយពុំមានមុខរបរអ្វីឡើយហើយមើលទៅហាក់មានជំងឺប្រចាំកាយទៀតផង ។ ការរស់នៅរាល់ថ្ងៃគឺបានពួកគាត់ដែលជាអ្នកភូមិជួយឲ្យបាយទឹកហូប លុះរហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា ពួកគាត់បានរាយការណ៍ជូនអាជ្ញាធរភូមិ និងសង្កាត់ឲ្យជួយរាយការបន្តទៅកាន់នគរបាលមូលជំនាញចុះទៅពិនិត្យ និងចាត់ការតាមច្បាប់ បន្ទាប់មកនគរបាលបាននាំយកសាកសពទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឫស្សីសាញ់ដើម្បីបូជានៅទីនោះ ៕ សុខាសែនជ័យ