ភ្នំពេញ ៖ បុរសម្នាក់ជាមេការសំណង់ ហើយសង្ស័យថាស្រវឹងស្រាបានធ្លាក់ពីលើអគារកម្ពស់៣ជាន់បាក់កស្លាប់ស្លាប់ចោលប្រពន្ធកូនគួរឲ្យសង្វេគ ។
ករណីខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ស៊ូ រ៉ាវេត ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកបាវិត ខេត្តស្វាយរៀង ។
តាមសម្ដីមេការដូចគ្នាដែលមានឈ្មោះ អ៊ុ ប៉ូណា អាយុ៣៥ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេ និងជនរងគ្រោះបានទិញស្រាបៀរមកផឹកនៅជាន់ទី៣ចំនួន៧កំប៉ុង ដោយជនរងគ្រោះផឹកអស់៣កំប៉ុង ចំណែករូបគាត់ផឹកអស់៤កំប៉ុងហើយក៏បានចុះមកក្រោមសម្រាកទុកឲ្យជនរងគ្រោះសម្រាកនៅជាន់ទី៣លើអង្រឹង ។
លុះដល់ព្រឹកឡើងខែឆ្នាំដដែល ស្រាប់តែក្រុមកម្មករបានមកចូលធ្វើការជាធម្មតា ក៏ប្រទះឃើញបុរសជនរងគ្រោះបានដេកផ្កាប់មុខស្លាប់ រួចពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលក្រាំងពង្រដើម្បីឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ក៏បានរាយការណ៍មកសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យខណ្ឌដង្កោ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញមកពិនិត្យសាកសពទើបដឹងថា សពជនរងគ្រោះពិតជាបាក់កស្លាប់ដោយសារធ្លាក់ពីលើអគារកម្ពស់៣ជាន់ រួចសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ភារ៉ា ដង្កោ