ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ចុះល្បាតប្រទះឃើញដេកនៅលើដីដោយមានស្នាមរបួស៣ទៅ៤កន្លែងលើដងខ្លួន រងរបួសធ្ងន់ ដោយសារជនមិនស្គាល់មុខវាយជាមួយនឹងវត្ថុរឹង ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតក្នុងភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាត់ ចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (របួសស្មា ២ កន្លែង ករដៃ១កន្លែង ក្បាលផ្នែកខាងក្រោយ១កន្លែង ។ ចំណែកជនសង្ស័យពុំស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះល្បាតការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះដេកនៅលើដី ដោយមានរបួសស្នាម៣ទៅ៤កន្លែងលើដងខ្លួន ដោយត្រូវជនសង្ស័យវាយជាមួយនឹងវត្ថុរឹង ។ ភ្លាមៗនោះ ក៏យកជនរងគ្រោះទៅសង្រ្គោះនៅរាជធានីភ្នំពេញ ។
បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវរកជនសង្ស័យមកអនុវត្តន៏ចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ