ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់ ត្រូវក្រុមចោរដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានមកធ្វើសកម្មភាពដកកាំភ្លើងគំរាមភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូបពី ពីយុវតីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល ។

ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០ នៅចំណុចសួនច្បារហង្ស ផ្លូវលេខ២៤០ មុខវត្តបទុម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលត្រូវគេប្លន់យកម៉ូតូនោះឈ្មោះ រ៉េត កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅម្តុំជិតគល់ស្ពានស្ទឹងមានជ័យ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងមិត្តភក្ដិ បានមកអង្គុយលេងជជែកគ្នាលេងនៅចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាច្រើននាក់ ជិះម៉ូតូចំនួន៤គ្រឿង ចូលមកដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូរបស់នាង មួយគ្រឿងម៉ាក Honda Scoopy 2015 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1FV-6492 ឃើញបែបនោះ មិត្តភក្ដិប្រុសៗ បម្រុងចូលជួយតែជនសង្ស័យបានគំរាមថាបើចូលជួយពួកវា នឹងបាញ់ ទើបធ្វើឲ្យក្រុមជនសង្ស័យយកម៉ូតូគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ វែកមុខក្រុមជនសង្ស័យ មកផ្តន្ទាទោសតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖