ភ្នំពេញ៖ ជនអនាថាម្នាក់បានដេកស្លាប់ក្នុងបន្ទប់ នៃមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញ ស្ថិតនៅភូមិ ស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង ៣និង១០នាទីរសៀល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ត្រូវបានប្រធានមន្ទីរសង្គមកិច្ចដឹកយកមកតម្កល់ទុកនៅវត្តវិហារឃួន ។
សពជនរងគ្រោះឈ្មោះ ជាភារុណ ភេទប្រុស អាយុ៤០ឆ្នាំ ជាជនអាណាថា នៅក្នុងមជ្ឈមណ្ឌលសំចតរាជធានីភ្នំពេញ ។
យោងតាមការបំភ្លឺពីឈ្មោះ ម៉នរដ្ឋា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា មុនទៅកើតហេតុ ជនរងគ្រោះស្នាក់នៅក្នុងបន្ទប់ឃ2 លុះដល់ម៉ោង 3 និង 10 នាទី មានគេរាយការណ៍ប្រាប់ថា មានមនុស្សស្លាប់នៅក្នុងបន្ទប់ ឃ2 ពេលនោះខ្លួនបានទៅមើល ក៏ឃើញមានមនុស្សស្លាប់ពិតប្រាកដមែន រួចបានរាយការណ៍ទៅ ប្រធានមន្ទីរសង្គមកិច្ច រួចបានដឹកសាកសព យកមកតម្កល់ទុក នៅវត្តសុភាឃួន តែម្ដង ។
ផ្អែកតាម ការពិនិត្យ សាកសព របស់ លោកឧកញ៉ា វេជ្ជបណ្ឌិត នងសុវណ្ណារ័ត្ន បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង(អាចបណ្ដាលមកពីជំងឺបេះដូង) ៕ សុខាសែនជ័យ