ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីម៉ូតូ២គ្រឿងត្រូវបានបាត់ដោយត្រូវជនសង្ស័យធ្វើសកម្មភាពលួចកាត់របងលួសខាងក្រោយផ្ទះចូលចាក់សោច្រវាក់ម៉ូតូ បានសម្រេច ។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ អ៊ុក សាវឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ ។
ចំណែកម៉ូតូ២គ្រឿង ដែលបាត់ម៉ាកម៉ាក HONDA សេ ១២៥ ស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ ១A ៨៩៦៣ និងម៉ូតូម៉ាកហុងដា Wawe ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១O ៤៧៨៥ ។
តាមម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០យប់ ខ្លួនបានយកម៉ូតូពីរគ្រឿងចាក់សោច្រវាក់ទុកនៅក្រោមផ្ទះ រួចក៏ឡើងទៅដេកលើផ្ទះដូចសព្វមួយដងលុះរហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ពេលខ្លួនចុះពីលើផ្ទះដើម្បីបត់ជើងមកដល់ក្រោមក្រឡេកឃើញម៉ូតូនៅដដែល ក៏ឡើងទៅដេកលើផ្ទះវិញដូចធម្មតា លុះដល់ម៉ោង៥ ព្រឹក ក៏ភ្ញាក់ឡើងក៏ចុះមកក្រោមផ្ទះស្រាប់តែបាត់ម៉ូតូទើបធ្វើឲ្យមានការឆោឡោតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មាន ហើយកម្លាំងសមត្ថកិច្ចជំនាញក្រុងបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ពិតជាបាត់ម៉ូតូ ចំនួន២ គ្រឿងពិតប្រាកដមែន ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យឲ្យខាងតែបាន ៕ យឹម សុថាន