ខេត្តកំពង់ស្ពឺ៖ ដូចអស់សង្ឃឹមជាមួយប្រព័ន្ធតុលាការ ទណ្ឌិត៤រូបបានសម្រេចចិត្តសរសេលិខិតចេញមកក្រៅពន្ធនាគារដើម្បីឲ្យម្ដាយស្វែងរកអន្តរាគមន៍ ដល់ពួកខ្លួន ខណៈដែលពួកខ្លួនអះអាងថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះទេ ។
ទណ្ឌិតទាំង៤រូបដែលសម្រេចចិត្តផ្តិតមេដៃលើលិខិតសុំអន្តរាគមន៍ទី១ មានឈ្មោះ ផាត់ ភារុណ, ទី២ ឈ្មោះ ផាត់ វុដ្ឋា ទី៣ ឈ្មោះ ផាត់ រតនា ទី៤ ផាត់ រតនៈ មាន ស្រុកកំណើតពួកគេនៅភូមិស្ដៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ទណ្ឌិតទាំង៤រូបបានរៀបរាប់ថា ពួកខ្លួនបួននាក់បងប្អូនជាប់នៅពន្ធនាគារ ខេត្តកំពង់ស្ពឺ អស់រយៈពេលជាង៤ឆ្នាំហើយ ដោយអយុត្តិធម៌បំផុតមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះឡើយ ។
ទណ្ឌិតទាំង៤នោះ បានរៀបរាប់ថា ដំបូងឡើយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ 2015 ពួកខ្លួន ៤ នាក់ មកពីភ្នំពេញធ្វើការដើម្បីមកចូលរួមបុណ្យសពឪពុកនៅភូមិ ឃុំខាងលើរហូតដល់ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2015 ដែលទើបត្រឡប់មកថ្នល់ទទឹងហើយទៅស្រោចទឹកនៅវត្តអង្គខ្មៅពេលនោះប្អូនរបស់គេម្នាក់ក្នុងចំណោម ពួកគេ ក៏បានឈឺហើយបានស្នាក់នៅវត្តរហូតដល់ថ្ងៃទី 9 និងទី 10 ទើបចែកផ្លូវគ្នាទៅធ្វើការរៀងៗខ្លួន ។ ដល់ថ្ងៃទី 13 ខែដដែល ឆ្នាំដដែល មានប៉ូលីសពីស្នងការបានអញ្ជើញពួកខ្លួនពីរនាក់ដែលកំពុងធ្វើការនៅរោងចក្រថ្នល់ទទឹងទៅបំភ្លឺ ក្រោយមកទើបកោះហៅពីរនាក់ទៀត ឲ្យចូលបំភ្លឺតាមក្រោយហើយគាត់ចោទពួកខ្លួនថា សម្លាប់មនុស្ស និងបានកសាងសំណុំរឿងយកពួកខ្លួនទៅដាក់នៅពន្ធនាគាររំលងបានប៉ុន្មានថ្ងៃម្ដាយពួកគេ ក៏បានយកលិខិតដែលមានឆ្នាំមេដៃប្រជាជនគាំទ្រ 200គ្រួសារមកអះអាងថា ពួកខ្លួនមិបន ប្រព្រត្ត ក៏គេមិនជឿដែរ ។ រឿងនេះ ម្តាយរបសពួកគេបានលឺនគរបាលមួលមយរូបនិយាយថា សមត្ថកិច្ចចាប់មនុស្សខុសតែគេមិនលែងពួកខ្លួនឡើយ ។ ចាប់តាំងពីពេលនោះមក ពួកខ្លួននៅក្នុងគុក បើគិតមកដល់ពេលនេះជាង៤ឆ្នាំទៅហើយ ។
ពាក់ព័ន្ធនឹងករណីពួកខ្លួននេះដែរ ទោះបីជាមានសាក្សីទៅបំភ្លឺអះអាងប្រាប់តុលាការថា ពួកគេមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មក្តី ក៏តុលាការមិនអនុគ្រោះ ឬផ្ដល់យុត្តិធម៌ដល់ពួកគេឡើយ ពេលនេះពួកខ្លួនរងភាពអយុត្តិធម៌ខ្លាំងណាស់ ព្រោះខ្លួនជាមនុស្សបរិសុទ្ធ ពួកខ្លួនទាំង៤នាក់ពិតជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះឡើយ ។
បើតាមមន្ត្រីនគរបាលមួយរូបបានប្រាប់ថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ 2015 នោះ នៅភូមិ ឃុំរបស់ជនសង្ស័យ (ទណ្ឌិតបច្ចុប្បន្ន)នេះ រស់នៅ មានករណីឃាតកម្មកើតឡើងមួយ តែមិនមានតម្រុយអ្វីនោះទេ ក្រៅពីសមត្ថកិច្ចរកឃើញអាវប៉ារ៉ាមួយប៉ុណ្ណោះ ។ ដោយឡែកលោកស្រី លឹម រឿន ដែលជាម្ដាយរបស់ទណ្ឌិតទាំង៤រូប បានរៀបរាប់ទាំងទឹកភ្នែកថា គាត់រស់នៅភូមិ ឃុំខាងលើមុនពេលកូនរបស់គាត់ទាំង៤នាក់ត្រូវសមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ ចាប់ខ្លួនប្ដីរបស់គាត់ឈឺធ្ងន់រហូតបាត់បង់ជីវិតគាត់ ក៏បានហៅកូនទាំង៤ដើម្បីមកធ្វើបុណ្យបន្ទាប់ពីធ្វើបុណ្យឱ្យប្ដីរបស់គាត់ហើយកូនរបស់គាត់ ក៏បាននាំគ្នាមកស្នាក់នៅវត្តអង្គខ្មៅជិតថ្នល់ទទឹងដើម្បីអោយលោកស្រចទឹកអោយកូន ។ ដោយសារតែកូនឈឺពេលនោះគាត់ ក៏ដាច់ចិត្តនៅវត្តជាមួយកូនដើម្បីធ្វើបុណ្យ 7 ថ្ងៃឱ្យប្ដីតែម្ដង ។
ក្រោយពីកូនប្រុសរបស់គាត់ពីរនាក់បែកផ្លូវទៅធ្វើការកូនគាត់ពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅកសាងសំណុំរឿង ដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មសម្លាប់មនុស្ស ក្រោយមក ក៏បានហៅកូនពីរនាក់មកទៀតហើយចាប់ខ្លួន ទាំង4 នាក់តែម្ដង ។
បន្ទាប់ពីឃាត់ខ្លួនកូនរបស់គាត់ហើយគាត់បានស្នើសុំអាជ្ញាធរភូមិ ឃុំធ្វើលិខិតអះអាងយកទៅដាក់ជូនសមត្ថកិច្ច ក៏សមត្ថកិច្ចមិនអើពើដោះលែងកូនរបស់គាត់ត្រឡប់មកវិញដែរ ។ លោកស្រីលឹមរឿនបន្តថាក្រោយពីកូនរបស់គាត់ត្រូវគេចាប់ដាក់ ឃុំក្នុងពន្ធនាគារគាត់បានស្វះស្វែងរកអន្តរាគមន៍ប៉ុន្តែគ្មានអ្នកណាអើពើជួយគាត់ឡើយបើមានគឺមានតែអ្នកមកជម្រិតទារលុយពីគាត់តែប៉ុណ្ណោះតែលទ្ធផលគឺស្មើនឹងសូន្យ ។ គាត់បានបន្តថាសព្វថ្ងៃនេះគ្មានផ្ទះសម្បែងរស់នៅនោះទេ ។ ដោយសារតែផ្ទះ និងដីគាត់បានលក់យកលុយទៅរត់ការឲ្យកូនអស់ទៅហើយ ។ កូនរបស់គាត់ត្រូវដាក់ចូលក្នុងពន្ធនាគាររយៈពេល 3ឆ្នាំទើបយកទៅកាត់អស់មួយជីវិតខណៈដែលកូនរបស់គាត់មិនបានសាងកំហុសឬប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចឡើយ ។ ទោះជាយ៉ាងនេះក្តីលោកស្រី ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំធ្វើយ៉ាងណាសូមជួយផ្ដល់ភាពយុត្តិធម៌ដល់កូនប្រុសទាំង៤របស់គាត់ផងព្រោះថាកូនប្រុសរបស់គាត់ទាំង៤នាក់មិនបានប្រព្រឹត្តអ្វីដូចការដូចដែលសមត្ថកិច្ចចោទប្រកាន់នោះទេ ។ ពេលនេះរឿងក្តីបានប្តឹងបន្តរហូតដល់សាលាឧទ្ធរណ៍ទៅហើយគាត់នៅតែគ្មានសង្ឃឹមថាកូនគាត់អាចរួចផុតពីទោសដ៏អយុត្តិធម៌នេះទេ ។
គាត់មានតែលើកម្រាមដៃដប់ចំពោះអង្គសុំក្តីសណ្ដោះប្រណីពីថ្នាក់ដឹកនាំគ្រប់ស្ថាប័នសូមមេត្តាជួយពិនិត្យរឿងនេះផងគាត់សព្វថ្ងៃនេះស្ទើរក្លាយទៅជានាងបដាចារទៅហើយ ណាមួយប្ដីស្លាប់ ណាមួយកូនជាប់គុក ម្ដង៤នាក់ទៀត ។
ប្រភពពីមន្ត្រីនគរបាល ខេត្តមើលរូបបានបង្ហើបថា ករណីនេះកើតឡើងច្រើនឆ្នាំមកហើយគឺ មានរយៈពេលជិត៥ឆ្នាំ កាលនោះគេ ក៏ដឹងថា ចាប់មនុស្សខុសដែរ តែជ្រុលចាប់ទៅហើយ គេមិនបានដោះលែងឱ្យត្រឡប់ទៅវិញនោះទេ ហើយបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៤នាក់ ទៅឲ្យតុលាការជាអ្នកចាត់ការ ។ រឿងនេះ បើតាមមន្ត្រីពន្ធនាគារបានបង្ហើបតាមព្រះរាជអាជ្ញាមុនៗមកម្ល៉េះ ហើយចៅក្រមគេមិនបានបង្ហើបប្រាប់ឈ្មោះនោះដែរ ។
មិនអាចសុំការបំភ្លឺណាមួយពីអ្នកនាំពាក្យសាលាដំបូង ក៏ដូចជាស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺឡើយ ។ តែបើតាមមន្ត្រីនៃការិយាល័យព្រហ្មទណ្ឌមួយរូបបានបង្ហើបថា ពេលនេះអ្មកដែលចាប់ជនទាំង៤នាក់មកកសាងសំណុំរឿងរហូតតុលាការដាក់គុកមួយជីវិតនេះ ក៏ដេកមិនសូវលក់ដែរ ៕ សេនាស័ក្តិ