ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញមួយកន្លែង កំពុងតែបើកលេងយ៉ាងរលូន ខណៈដែលក្រុមអ្នកលេងល្បែងទាំងនោះបាននាំគ្នាភ្នាល់ក្នុងមួយម្តងៗខ្ទង់ពាន់ដុល្លារ ដោយហ៊ោកញ្ជ្រៀវមិនខ្លាចរអាលពីសំណាក់សមត្ថកិច្ចឬអាជ្ញាធរណាហ៊ានបង្ក្រាបនោះទេ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះ ជ្រកក្រោមស្លាកយីហោហាងកាហ្វេ ស្ថិតនៅជាប់តារាងបាល់ទះច្រកចូលទៅវត្តនាគវ័ន្ត ក្បែរផ្លូវរថភ្លើង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដោយមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាធរណា ចុះបង្ក្រាបទល់តែសោះ នេះហើយដែលជាទង្វើផ្ទុយទាំងស្រុងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ-ឃុំមានសុវត្ថិភាព ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បន្តថា ពួកគាត់បានទទួលព័ត៍មាន ច្បាស់ពីគោលការណ៍រដ្ឋាភិបាល បានចេញសារាចរណ៍បញ្ឈប់ឲ្យធ្វើអាជីវកម្ម ហើយបញ្ហាល្បែងស៊ីសងតាមអនឡាញត្រូវបានអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងច្បាស់ពីឱសានវាទ បញ្ចប់ការអនុញ្ញាតអោយធ្វើអាជីកម្ម នៅយប់រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាកំណត់ ។ ប៉ុន្តែផ្ទុយទៅវិញ បនល្បែងស៊ីសងតាមអនឡាញមួយនេះ មិនដឹងថាឈ្មួញគឃ្លើននិងបទបញ្ជាសារាចរណ៍ ឬសមត្ថកិច្ច អាជ្ញាធរ ខ្លាចរអាពីបញ្ហាមានក្រុមខ្នងបង្អែក និងបានប្រយោជន៍ដោយរបៀបណាទេ ទើបពួកគេ(ឈ្មួញ) នៅបន្តដំណើរការបានជាចំហរដដែល ។
បើយោងទៅតាមបទបញ្ជារបស់ថ្នាក់លើពីក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏បានដាក់បញ្ជាយ៉ាងតឹងរឹង ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ បើសិនកើតមានក្នុងមូលដ្ឋានទាំង១៤ខណ្ឌរបស់ខ្លួន ។ ចំពោះគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ច្រើនមានចរិកដឹកនាំ របៀប(កន្ទេលធំបន្លំដេក) ចង់ក្លាយជាមន្ត្រីគ្រាប់ល្ពៅទៅហើយ ។ លោកមិនបានយកចិត្តទុកដាក់ ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងឡើយ ដោយទុកអោយរីកដុះដាល ដ៏សំបូរបែប នូវទីតាំងល្បែងស៊ីសង មានជាការភ្នាល់តាមអនឡាញ កត់ឆ្នោតវៀតណាម ភ្នាល់ប៉ាល់ ក្នុងមូលដ្ឋានសង្កាត់ មនោរម្យ ពេញបន្ទុក នេះជាទិដ្ឋភាពជាក់ស្តែង។
ប្រជាពលរដ្ឋបានចំអកថា បើអស់លោកថ្នាក់ខណ្ឌ សង្កាត់ ទាំងអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការលុបបំបាត់ បង្ក្រាប សុទ្ធតែបទល្មើសបើកធ្វើអាជីកម្មជាក់ស្តែង បទល្មើសទាំងនោះស្ថិតនៅក្បែរច្រមុះ ភ្នែកសមត្ថកិច្ចតែបែរជាមើលមិនឃើញទៅវិញ គឺមានន័យថា ៖ អស់លោកទាំងនោះមានចេតនាចិញ្ចឹមបទល្មើស ខណៈអំពើ លួច ឆក់ ប្លន់ ហឹង្សាក្នុងគ្រួសារ ការបែកបាក់គ្នាជាដើម កើតចេញពីប្រភពដើមហេតុនៃបនល្បែងសុីសងនេះតែម្តង ៕ស តារា