ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យ៣នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល សហការជាមួយនគរបាលខ័ណ្ឌកំបូល ចាប់ខ្លួន ក្រោយពីជនសង្ស័យ៣នាក់នេះ បានជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីម្នាក់ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ សួង សុខម៉េង ហៅបឺត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ទី២-ឈ្មោះ សេង មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល និងទី៣-ឈ្មោះ ជ្រឹង វេហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ។ ចំណែកនារីរងគ្រោះឈ្មោះ នឿន ឃុននាថ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងខ្ទឹមឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HX-9638 ,ទូរស័ព្ទ២គ្រឿង និងដាវ១ដើម ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីចេញពីធ្វើការដោយដាក់ទូរស័ព្ទនៅក្នុងខ្លុបម៉ូតូ ។ លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់មានគ្នា៣នាក់ មកដល់ក៏ឆក់យកទូរស័ព្ទដៃ ហើយព្យាយាមជិះរត់គេច ភ្លាមៗនោះ ជនរងគ្រោះជិះដេញតាមស្រែកថាចោរៗទើបជួបសមត្ថកិច្ចកំពុងល្បាត ក៏ដេញតាមជនសង្ស័យ ដោយសហការជាមួយនគរបាល ខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិលិចវត្តសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សួង សុខម៉េង ហៅបឺត បានសារភាពថា ខ្លួនជាអ្នកបើកម៉ូតូ ដោយយកដាវស៊កចូលក្នុងខោ ធ្វើសកម្មភាពឆក់យកបានទូរស័ព្ទហើយហុចទៅឲ្យឈ្មោះ សេង មករា នេះទុក ហើយខ្លួនបើករត់គេច ។ ជនសង្ស័យបានសារភាពបន្ថែមទៀតថា មុនពេលធ្វើសកម្មភាព ពួកខ្លួនបានជួបជុំគ្នាផឹកស្រានៅកញ្ចុះដីឡូត៍ភូមិមនោរម្យ រួចហើយទើបចេញធ្វើសកម្មភាព ។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖