ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទៅបន្សាបគ្រឿងញៀងនៅមណ្ឌលឱកាសខ្ញុំម្នាក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នាពេលកន្លងមកហើយត្រូវបានបញ្ជូនទៅបន្សាប និងព្យាបាលនៅក្នុងមណ្ឌលកែប្រែឱកាសខ្ញុំ ប៉ុន្តែដោយសារមានជំងឺធ្ងនធ្ងរ ក៏បានដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ចចុះទៅពិនិត្យកាលពីវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមជ្ឈមណ្ឌលឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជាង សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិសំបុក ឃុំបឹងបេន ស្រុកម៉ាឡៃ ខេត្តប៉ៃលិន ។

ប្រភពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុជនរងគ្រោះធ្លាប់ប្រើប្រាស់នូវសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយមកតុលាការបានបញ្ជូនមកមណ្ឌលកែប្រែឱកាសខ្ញុំ ដើម្បីព្យាបាលលុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះស្រាប់តែមានអការមិនស្រួលខ្លួន ខាងមន្ត្រីនៅមណ្ឌលឱកាសខ្ញុំបានដឹកទៅមន្ទីរពេទ្យព្រះកុសមៈ តែជាអកុសលជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមកសមត្ថកិច្ចខណ្ឌ និងមូលដ្ឋានបានរាយការណ៍ទៅផ្នែកជំនាញឲ្យចុះមកពិនិត្យ ។ តាមការសន្និដ្ឋានរបស់ លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថាសពខាងលើស្លាប់ដោយជំងឺគាំងបេះដូង ហើយសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តកប់ស្រូវ ។

សូមបញ្ជាក់ថា ក្រុមគ្រួសារសពមិនបានប្តឹងផ្តល់អ្វីនោះទេ ព្រោះពួកគាត់ ក៏បានដឹងពីជំងឺរបស់កូនគាត់ដែរ ៕ ចន្ទ លីហ្សា


ចែករំលែក៖