ព័ត៌មានទាន់ហេតុការណ៍៖

ស្រែប្រាំងប្រជាពលរដ្ឋនៅឃុំស្វាយរំពា ស្រុកកំពង់លែង ប្រមាណជា៦០ហិកតា អាចប្រឈមនឹងការខូចខាត ប្រសិនបើជួយសង្រ្គោះមិនទាន់ពេលវេលា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រូវប្រាំងប្រជាពលរដ្ឋប្រមាណជាង៦០ហិកតា ចំណុចបឹងកន្ធរ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រឈមនឹងក្រៀមស្វិត អាចនឹងខូចខាត ប្រសិនបើមិនអាចជួយសង្រ្គោះបានទាន់ពេលវេលានោះ ខណៈដែលទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងនៅតំបន់នេះ បានរីងស្ងួតស្ទើរតែអស់ទៅហើយ ។

ប្រជាកសិករនៅក្នុងមូលដ្ឋាននេះ បានប្រាប់ឲ្យដឹងថា នៅពេលនេះ ស្រូវមួយចំនួនចាប់ផ្តើមមានសភាពក្រហមបណ្តើរៗ ក្រៀមស្ងួតជាបណ្តើរៗហើយ បន្ទាប់ពីដីស្រែមួយចំនួនរីងហួតហែងយ៉ាងខ្លាំង។ ប្រជាកសិករបានឲ្យដឹងទៀតស្រូវទាំងនេះមិនយូថ្ងៃទៀតទេ វានឹងខូចប្រសិនបើគ្មានទឹកសម្រាប់បូមដាក់បានទាន់នោះ ។

ប្រជាកសិករ បានស្នើឲ្យមន្ទីរធនធានទឹករូតរះស្តារប្រឡាយដើម្បីយកទឹកមកប្រើនៅក្នុងមូលដ្ឋាននេះ ។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរស្រុកកំពង់លែងបានឲ្យដឹងថា ស្រូវប្រាំងនៅចំណុចនេះប្រឈមនឹងការខ្វះទឹកមែន ប៉ុន្តែស្រូវនៅក្នុងស្រែមិនទាន់ងាប់ដូចប្រជាពលរដ្ឋបានរាយការណ៍នោះទេ តែវាអាចមានផលប៉ះពាល់ខ្លះៗ ព្រោះទឹកក្នុងបឹងម្តុំនោះរីងគោកអស់ហើយ ដែលយើងកំពុងរកវិធានការជួយសង្គ្រោះ ។ ព្រោះថា ស្រែនៅក្នុងតំបន់នោះ គឺមានប្រភពទឹកមានចម្ងាយប្រមាណ៣គីឡូម៉ែត្រឯណោះ ។

ប្រធានការិយាល័យកសិកម្មស្រុករកំពង់លែង លោក សុខ រិន ប្រាប់នៅថ្ងៃទី០៥ នេះថា ទឹកក្នុងបឹងរីងស្ងួតអស់មែន ហើយបឹងផ្សេងៗទៀតនៅតំបន់នោះ ក៏រីងស្ងួតអស់ដែរ តែពុំទាន់មានស្រូវងាប់នោះទេ ។ ដោយឡែកស្រូវពួកគាត់នៅចំណុចនោះ មួយចំនួនកំពុងប្រមូលផលបណ្តើរៗហើយ តែចុងក្រោយប្រហែលជាអាចនឹងប៉ះពាល់ស្រូវមួយចំនួនផងដែរ ព្រោះតែគ្មានប្រភពទឹកអាចជួយសង្គ្រោះបានឡើយ ។

ប្រធានមន្ទីរទឹកលោក ដោក ប៊ុនថុន បានឲ្យដឹងថា ពេលនេះលោកបានបញ្ជូន មន្ត្រីជំនាញចុះទៅមូលដ្ឋាននោះហើយដើម្បីពិនិត្យជាក់ស្តែង ដើម្បីជួយសង្រ្គោះឲ្យបានទាន់ពេលវេលា ដល់ស្រូវរបស់ប្រជាកសិករនៅតំបន់នេះ ៕ ចន្ថា


ចែករំលែក៖