ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានលង់ទឹកស្លាប់ ពេលចុះទៅយកទូក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកបឹងដែលមានជម្រៅប្រមាណជាងកន្លះម៉ែត្រ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចបឹងមួយកន្លែងក្នុងភូមិទី៧ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អោម អូន អាយុ ៥៧ឆ្នាំមានកូន ៥នាក់ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានដឹងទៀតថា នៅ មុនពេលកើតហេតុ បុរសខាងលើបានដើរចូលក្នុងបឹងបំណងយកទូក ដែលនៅក្នុងទឹកដែលមានជម្រៅជាងកន្លះម៉ែត្រ មិនដឹងជាយ៉ាងដូចម្តេច បានជាដួលឈ្លក់ទឹក លង់ស្លាប់តែម្តង ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានពិនិត្យធ្វើកោសល្យវិច័យ រួចមក បានសន្និដ្ឋានថា ជនរងគ្រោះ អាចវិលមុខ ខ្យល់គរដួលចូលទៅក្នុងទឹកទើបបណ្ដាលឲ្យលង់ស្លាប់បែបនេះ ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនឲ្យក្រុមគ្រួសារទទួលយកធ្វើបុណ្យតាមប្រពៃណីនៅក្នុងមូលដ្ឋាន ៕ចន្ថា


ចែករំលែក៖