ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោហ៊ុន សែនៈ នៅទីក្រុងប៉េកាំងពេលនេះធាតុអាកាសត្រជាក់ធ្លាក់ទឹកកក​ ប៉ុន្តែសុខភាពខ្ញុំគឺល្អរឹងមាំ

ចែករំលែក៖

ប្រទេសចិនៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាបានថ្លែងថា “ទីក្រុងប៉េកាំងពេលនេះធាតុអាកាសត្រជាក់ធ្លាក់ទឹកកក​ ប៉ុន្តែសុខភាពខ្ញុំគឺល្អរឹងមាំ។

នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូចាកចេញពីទីក្រុងប៉េកាំងឆ្ពោះមកកាន់ប្រទេសកម្ពុជាតាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាល។ ខ្ញុំពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំងក្រោយពីបានជួបពិភាក្សាការងារជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិនក្នុងការមើលថែទាំពលរដ្ឋ និងសិស្សនិស្សិតខ្មែរដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងវូហាន ខេត្ត ហ៊ូប៉ីនេះតែម្តង។ ដូច្នេះសូមក្មួយៗទាំងអស់មានទំនុកចិត្ត ហើយត្រូវមានជំនឿ និងសង្ឃឹមចំពោះវិធានការទប់ស្កាត់មិនអោយជំងឺឆ្លងនេះរីករាលដាលមកដល់កន្លែងសុវត្ថិភាពរបស់កូនក្មួយដែលកំពុងរស់នៅ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ពូសោកស្តាយដែលមិនបានទៅជួបកូនក្មួយដោយផ្ទាល់ ប៉ុន្តែពូសូមអរគុណ កូនក្មួយនិស្សិតនៅវូហានទាំងអស់ ដែលបានផ្ញើសារនិងឃ្លីបវីដេអូសម្តែងនូវការគោរពស្រឡាញ់នឹករឮក និងការព្រួយបារម្ភចំពោះសុវត្ថិភាពពូដែលគ្រោងទៅសួរសុខទុក្ខក្មួយៗនៅទីនោះ។ ទោះបីពេលនេះពូមិនបានទៅ ប៉ុន្តែពូសង្ឃឹមថានឹងបានជួបក្មួយៗនៅពេលខាងមុខណាមួយមិនខាន។ សូមក្មួយៗថែរក្សាសុខភាពអោយបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។

សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសសូមចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺឆ្លងកូរ៉ូណានេះផងដែរ” ៕

 


ចែករំលែក៖