ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់ពេលឪពុកម្តាយផ្ញើជីតាជួយមើលហើយទៅធ្វើការរោងចក្របាត់

ចែករំលែក៖

ខេត្តកណ្តាល: ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល១១និង៤០នាទី ព្រឹកថ្ងៃ ពុធ ១២ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ‌ទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចស្រះទឹកខាងកើតផ្ទះចម្ងាយ១៥ម៉ែត្រ ស្ថិតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះសុភ័ក្រ បញ្ញា ភេទប្រុសអាយុ៣ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការសួរបំភ្លឺពីឈ្មោះ ប៉េង រស្មី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាម្តាយក្មេងប្រុសរងគ្រោះ បានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា ខ្លួនបានទុកកូនផ្ញើ នៅជាមួយឪពុកម្តាយ ហើយខ្លួននិងប្តីក៏នាំគ្នាទៅធ្វើការនៅរោងចក្រ។ រហូតដល់ម៉ោងជាង៩ព្រឺកថ្ងៃកើតហេតុ ឪពុកខ្លួនបានទូរស័ព្ទប្រាប់គាត់ថាកូនឯងលង់ទឹកស្រះខាងកើតផ្ទះស្លាប់បាត់ហើយ។ ពេល
នោះខ្លួននិងប្តីក៏ចេញពីរោងចក្រមកដល់ផ្ទះឃើញកូនស្លាប់មែន ពេលនោះក៏បានទូរស័ព្ទទៅមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រៃពួចចុះទៅត្រួតពិនិត្យ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ វិភាគកន្លែងកើតហេតុ ដោយមានចូលរួមពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃពួច លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងឪពុក នៃសព បានធ្វើកោសល្យវិច័យ លើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអី្វជាការកត់សម្គាល់ក្នុងករណីមនុស្សឃាតនោះទេ។

ការសន្និដ្ឋានលោកគ្រូពេទ្យជំនាញបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែនរួចបានប្រគល់សពជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖