ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋប្តឹងមន្រ្តីពាក់ព័ន្ធក្នុងបទឧក្រិដ្ឋ កាប់បំផ្លាញព្រៃឈើ នៅស្រុកអូររាំង

ចែករំលែក៖

ពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីចំនួន៨នាក់ បានមូលមតិគ្នាដាក់ពាក្យបណ្តឹងទៅ សាលាដំបូងខេត្តកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចោទប្រកាន់មន្រ្តីចំនួន៤​នាក់ថា ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ កាប់រានឈូសឆាយដីព្រៃ ដោយខុសច្បាប់រាប់ពាន់ ហិកតា នៅចំណុចទួលស្វាយ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បើតាមប្រភពបានឲ្យដឹងថា ប្រជាពលរដ្ឋដែលភាគច្រើនជាសកម្មជនព្រៃឈើ បាន តាមដានឃើញថា សកម្មភាពកាប់រានឈូសឆាយដីព្រៃបានកើតឡើង យ៉ាងសកម្ម នៅក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា។

ក្រៅតែការកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ក៏មានការកាប់បំផ្លាញព្រៃឈើនៅតំបន់ ការពារភ្នំណាមលៀ យ៉ាងសកម្មទៀតផង។ នៅជាប់តំបន់ព្រៃការពារភ្នំណាមលៀ យ៉ាងហោចណាស់មានរោងសិប្បកម្មកែច្នៃឈើប្រណីតច្រើនជាង១០កន្លែង ដែលគេ ដឹងថា រោងសិប្បកម្មផលិតគ្រឿងសិង្ហារិមទាំងនោះ បានដឹកឈើមកពីតំបន់ព្រៃការ ពារភ្នំណាមលៀ។ មានន័យថា មានការឃុបឃិតគ្នារវាងពួកមន្ត្រីការពារដែនជម្រក សត្វព្រៃភ្នំណាមលៀ ឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់របស់ខ្លួន ដើម្បីដឹក មកផ្គត់ផ្គង់សិប្បកម្មឈើនៅជាប់តំបន់ភ្នំណាមលៀនោះ។ ក្រៅតែពីការកាប់បំផ្លាញ ព្រៃឈើ ក៏នៅមានសកម្មភាពកាប់រានឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិដូចដែលប្រជា ពលរដ្ឋប្តឹងនោះទៀតផង។

បើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានប្តឹងឈ្មោះ អ៊ុត សាម៉ាត តំណាងប្រជា ពលរដ្ឋរស់នៅចំណុចទូលស្វាយ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង, លោក សម វាន្នី អតីតមេឃុំដាក់ដាំ ស្រុកអូររាំង, លោក វុធ សារុំ ប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀ និងលោក សៀក មុនី អភិបាលស្រុកអូររាំង។ ជនទាំង៤នាក់ ត្រូវបានប្តឹងពីបទ កាប់រានឈូសឆាយដីព្រៃ យកជាកម្មសិទ្ធិខុសច្បាប់រាប់ពាន់ហិកតា និងបំផ្លាញរុក្ខ​ជាតិកម្រ និងសត្វព្រៃ នៅចំណុចទូលស្វាយ ភូមិពូឡេះ ឃុំដាក់ដាំ​ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពកាប់រានដីព្រៃមានការ ឃុបឃិតជាប្រព័ន្ធ រវាងមន្រ្តីទាំង៤នាក់ខាងលើ ជាមួយនឹងប្រជាពលរដ្ឋអ្នកមានលុយ នៅតំបន់នោះ។ រីឯអាជ្ញាធរធ្វើហាក់ដូចជាមិនដឹងមិនឮ៕


ចែករំលែក៖